ពិព័រណ៍ CAFE25: ចំណងផ្សារ កសិផលខ្មែរ ឆ្ពោះទៅទីផ្សារគុណភាព និងតម្លៃ!

ពិព័រណ៍ CAFE25: ចំណងផ្សារ កសិផលខ្មែរ ឆ្ពោះទៅទីផ្សារគុណភាព និងតម្លៃ!

ភ្នំពេញ៖ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) បានបិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្មវិធី CAFE25 នេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការស្វែងរកដំណោះស្រាយនានា ដើម្បីផ្សារភ្ជាប់ផលិតផលកសិកម្មកម្ពុជា ទៅនឹងតម្រូវការជាក់ស្ដែងរបស់ទីផ្សារ ទាំងបរិមាណ គុណភាព និងតម្លៃ។ CAFE25 Exhibition

ឯកឧត្ដមរដ្ឋមន្រ្តីបានបន្តថា ជោគជ័យនេះ កើតចេញពីការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន វិស័យធនាគារ បច្ចេកទេសកសិកម្ម កសិករ អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន និងដៃគូអភិវឌ្ឍន៍នានា ជាពិសេសអង្គការ FAO ដែលជាដៃគូជិតស្និទ្ធ។ ការរួមគ្នានេះ បានកសាងទំនុកចិត្ត ការចែករំលែកផលប្រយោជន៍ និងការបើកឱកាសថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា។ CAFE25 Exhibition

ឯកឧត្ដមក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នគ្រប់អង្គភាព ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងនិស្សិតស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ជំរុញកម្មវិធី CAFE25 ឱ្យសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់នេះ។ ពិព័រណ៍នេះ មិនត្រឹមតែលើកកម្ពស់ពាណិជ្ជកម្មប៉ុណ្ណោះទេ តែថែមទាំងបានទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងជំរុញការកែច្នៃផលិតផលកសិ-ស្បៀងអាហារកម្ពុជាឱ្យឈានទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយមោទនភាព៕ ប្រភព ៖ (CCFR)

administrator

Related Articles