ក្រសួងព័ត៌មាន បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបលោក វរសេនីយ៍ឯក ជូលៀន អ.អិល.ស្មីត សេនានុព័ន្ធចក្រភពអង់គ្លេសថ្មីប្រចាំកម្ពុជា ដែលមានទីលំនៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារសំខាន់ៗនៅអគ្គបញ្ជាការដ្ឋាន។

ក្នុងជំនួបប្រកបដោយមិត្តភាពនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការអបអរសាទរចំពោះការតែងតាំងលោក វរសេនីយ៍ឯក ជូលៀន អ.អិល.ស្មីត ជាសេនានុព័ន្ធយោធាអង់គ្លេសថ្មីប្រចាំកម្ពុជា ដោយជឿជាក់ថា បេសកកម្មរបស់លោកនឹងពង្រឹងបន្ថែមទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។ ឯកឧត្តម ក៏បានលើកឡើងពីទំនាក់ទំនងការទូតដ៏យូរអង្វែងរវាងកម្ពុជា-អង់គ្លេស តាំងពីឆ្នាំ១៩៥៣ ព្រមទាំងកំណើនទំហំពាណិជ្ជកម្មទ្វេភាគី។ ជាក់ស្តែង ក្នុងវិស័យយោធា ចក្រភពអង់គ្លេសបានផ្តល់អាហារូបករណ៍ដល់សិក្ខាកាមកម្ពុជាជាច្រើនរូប នៅរាជបណ្ឌិតសភាយោធាសេនហើស ដែលជាទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាំងពីសម្តេចនៅជាមេបញ្ជាការកងទ័ពជើងគោក។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្ថែមថា កងទ័ពនៃប្រទេសទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ការចែករំលែកព័ត៌មានដើម្បីទប់ស្កាត់អំពើភេរវកម្ម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការលើការងារមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ ការធ្វើលំហាត់យោធារួម និងការចូលចតនាវា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានជម្រាបជូនលោកសេនានុព័ន្ធអង់គ្លេស អំពីបច្ចុប្បន្នភាព និងការវិវឌ្ឍនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានគូសបញ្ជាក់ពីជំហររឹងមាំរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី គោរពតាមគោលការណ៍ និងយន្តការដែលបានព្រមព្រៀងគ្នាកន្លងមក ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក វរសេនីយ៍ឯក ជូលៀន អ.អិល.ស្មីត បានសម្តែងក្តីរីករាយដែលសិក្ខាកាមកម្ពុជាបានទៅបន្តការសិក្សានៅសាលារាជបណ្ឌិតសភាយោធាសេនហើស ចក្រភពអង់គ្លេស។ ជាងនេះទៅទៀត លោកបានផ្តល់អាហារូបករណ៍បន្ថែមសម្រាប់សិក្ខាកាមកងទ័ពជើងទឹកកម្ពុជា ដើម្បីទៅទទួលការបណ្តុះបណ្តាលនៅចក្រភពអង់គ្លេសនាពេលខាងមុខ។

លោក វរសេនីយ៍ឯក ជូលៀន អ.អិល.ស្មីត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគាំទ្រដល់ដំណើរទស្សនកិច្ចរបស់នាវាអង់គ្លេសមកកាន់កម្ពុជា ហើយលោកបានបញ្ជាក់ថា នៅឆ្នាំ២០២៦ នាវាអង់គ្លេសនឹងត្រឡប់មកបំពេញទស្សនកិច្ចជាថ្មីម្តងទៀត។

ដោយឡែក ពាក់ព័ន្ធនឹងស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ លោក វរសេនីយ៍ឯក បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់ចក្រភពអង់គ្លេស ក្នុងការធានាឲ្យមានស្ថិរភាពនៅក្នុងតំបន់ព្រំដែន ដោយគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ការសន្ទនាដោយសន្តិវិធី ភាពស្ងប់ស្ងាត់ និងជាពិសេសទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។

លោកវរសេនីយ៍ឯក ក៏បានបញ្ជាក់ដែរថា សហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវឌ្ឍនៅតំបន់ព្រំដែនប្រទេសទាំងពីរ និងបានសម្តែងការគាំទ្រចំពោះជំហររបស់កម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ និងគោរពច្បាប់អន្តរជាតិ។ លោកក៏បានគ្រោងនឹងចុះពិនិត្យផ្ទាល់កន្លែងជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ តាមរយៈក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP)។

លោកសេនានុព័ន្ធចក្រភពអង់គ្លេស ក៏បានសម្តែងការសោកស្តាយយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា និងបានអំពាវនាវយ៉ាងទទូចឲ្យភាគីថៃ ដោះលែងកងទ័ពកម្ពុជាទាំង ១៨ រូប មកឲ្យកម្ពុជាវិញ ដើម្បីឲ្យពួកគាត់បានជួបជុំក្រុមគ្រួសារ និងរស់នៅដោយសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
