រដ្ឋបាលលោកប្រធានាធិបតី Trump បានសម្រេចលុបចោលពន្ធនាំចូលគ្រាប់កាហ្វេភាគច្រើន ដែលជាដំណឹងល្អសម្រាប់អ្នកដុតកាហ្វេ និងអ្នកនាំចូលនៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា ប្រេស៊ីល ដែលជាប្រទេសផលិតកាហ្វេធំបំផុតលើលោក នៅតែបន្តទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារកាហ្វេរបស់ខ្លួននៅតែជាប់ពន្ធខ្ពស់ដដែល។
វិធានការដែលបានប្រកាសកាលពីល្ងាចថ្ងៃសុក្រ បានលុបចោលពន្ធនាំចូលលើគ្រាប់កាហ្វេពីប្រទេសផលិតស្ទើរតែទាំងអស់ លើកលែងតែពន្ធគយ 10% លើការនាំចូលកាហ្វេពីប្រេស៊ីលប៉ុណ្ណោះដែលត្រូវបានដកចេញ ហើយនៅសល់ 40% ទៀតត្រូវបានរក្សាទុក។
អ្នកវិភាគ និងមន្ត្រីឧស្សាហកម្មកាហ្វេបានអះអាងកាលពីថ្ងៃចន្ទថា ការផ្លាស់ប្តូរនេះនឹងជំរុញឱ្យសហរដ្ឋអាមេរិក ដែលជាទីផ្សារកាហ្វេធំបំផុតលើពិភពលោក ងាកទៅរកគ្រាប់កាហ្វេពីតំបន់អាស៊ី និងអាមេរិកឡាទីនកាន់តែច្រើន ខណៈដែលកាហ្វេប្រេស៊ីលត្រូវបានគេមើលរំលង។
ប្រទេសផលិតកាហ្វេភាគច្រើននៅទ្វីបអាមេរិក លើកលែងតែប្រេស៊ីល គឺត្រូវបានដកពន្ធ 10% ចេញទាំងស្រុង។ រីឯអ្នកដាំដុះនៅអាស៊ីវិញ ក៏ទទួលបានការលុបចោលពន្ធដែលធ្លាប់ខ្ពស់ជាងមុនផងដែរ ដែលធ្វើឱ្យពួកគាត់អាចផ្គត់ផ្គង់កាហ្វេទៅសហរដ្ឋអាមេរិកដោយគ្មានការជាប់ពន្ធអ្វីទាំងអស់។
ប្រេស៊ីល ដែលធ្លាប់ផ្គត់ផ្គង់គ្រាប់កាហ្វេប្រមាណមួយភាគបីនៃតម្រូវការសហរដ្ឋអាមេរិក នៅតែបន្តកិច្ចចរចាដើម្បីស្វែងរកកិច្ចព្រមព្រៀងដាច់ដោយឡែកមួយ។
លោក Luiz Saldanha អនុប្រធានសមាគមកាហ្វេពិសេសប្រេស៊ីល បានថ្លែងថា ការដឹកជញ្ជូនកាហ្វេទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះរហូតដល់ 55% ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ បន្ទាប់ពីការអនុវត្តពន្ធបានចាប់ផ្តើម។
