ខេត្តបាត់ដំបង៖ រឿងរ៉ាវដ៏រន្ធត់មួយបានកើតឡើងទៅលើពលការិនីខ្មែរយើងម្នាក់ ដែលត្រូវបានទាហានឈុតខ្មៅថៃប្រើអំពើហិង្សារំលោភបំពានផ្លូវភេទជាក្រុម កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈនាងកំពុងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ។ ករណីនេះបានធ្វើឲ្យសាធារណជនរន្ធត់ចិត្តជាខ្លាំង។

ដោយក្តីអាណិតអាសូរ និងយកចិត្តទុកដាក់ខ្ពស់ លោកសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានចុះទៅសួរសុខទុក្ខ និងពិនិត្យស្ថានភាពសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពលការិនីរងគ្រោះដល់ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកសាស្រ្តាចារ្យបានជំរុញឲ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បន្តយកចិត្តទុកដាក់ថែទាំនាងប្រៀបដូចសាច់ញាតិ ដើម្បីឲ្យនាងឆាប់ជាសះស្បើយទាំងកាយ និងចិត្ត។

ជាមួយគ្នានេះដែរ ដើម្បីជួយសម្រាលបន្ទុកជីវភាពខ្លះៗ លោកសាស្រ្តាចារ្យ គង់ សន្យា ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ពលការិនីដ៏កម្សត់រូបនេះ ដែលបានរងគ្រោះដោយទង្វើដ៏ព្រៃផ្សៃរបស់ទាហានឈុតខ្មៅថៃ។ នេះជាការបង្ហាញពីក្តីសន្តោសប្រណី និងការទទួលខុសត្រូវខ្ពស់ពីថ្នាក់ដឹកនាំផ្នែកសុខាភិបាលកម្ពុជា។

