ភ្នំពេញ៖ ជនសង្ស័យចំនួន ៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជាក់ស្តែង ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ កាលពីរសៀលម្សិលមិញ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចបណ្តោយផ្លូវលេខ២៣៤ហ្សិត ក្រុមទី១៣ ភូមិ០៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីនគរបាលខណ្ឌទួលគោកបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ រួមមាន៖ ទី១- ឈ្មោះ សែម វុត្ថា ភេទប្រុស អាយុ២១ឆ្នាំ ទី២- ឈ្មោះ ថុន ដាវីន ភេទប្រុស អាយុ២០ឆ្នាំ និងទី៣- ឈ្មោះ ផន ភា ភេទប្រុស អាយុ៣៧ឆ្នាំ។ ជនសង្ស័យទាំងបីនាក់ មិនមានមុខរបរ និងទីលំនៅពិតប្រាកដនោះទេ។
ក្នុងការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនចំនួន ១កញ្ចប់ធំ ថង់សម្រាប់ច្រកថ្នាំញៀនចំនួន ៥ និងទូរស័ព្ទដៃចំនួន ២គ្រឿង។ 
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
