ក្រសួង​ការងារ​ថ្កោលទោស​ដាច់អហង្ការ​ទង្វើ​ឃោរឃៅ​របស់​ទាហាន​ថៃ​លើ​ពលករ​ខ្មែរ​ត្រឡប់​មាតុភូមិ!

ក្រសួង​ការងារ​ថ្កោលទោស​ដាច់អហង្ការ​ទង្វើ​ឃោរឃៅ​របស់​ទាហាន​ថៃ​លើ​ពលករ​ខ្មែរ​ត្រឡប់​មាតុភូមិ!

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ ព្រមទាំងអំពើហិង្សាដ៏ឃោរឃៅ ដែលប្រព្រឹត្តដោយក្រុមទាហានឈុតខ្មៅថៃ មកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣នាក់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅខេត្តចាន់បុរី ប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង កម្ពុជា នៅពេលដែលពលករខ្មែរទាំងនោះកំពុងធ្វើដំណើរត្រឡប់មកមាតុប្រទេសវិញ ខណៈច្រកព្រំដែនគោកកម្ពុជា-ថៃ ត្រូវបានភាគីថៃបិទដោយឯកតោភាគី។ ក្រុមទាហានឈុតខ្មៅថៃ បានប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវយង់ឃ្នង វាយដំ ទាត់ធាក់ អុកស្វាយកាំភ្លើង ជំរិតទារប្រាក់ និងអំពើថោកទាបបំផុត គឺករណីរំលោភសេពសន្ថវៈ (រំលោភបូក) ដោយទាហានថៃ ៧នាក់ ទៅលើពលករខ្មែរជាស្ត្រីម្នាក់។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការងារ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់ថា អំពើអមនុស្សធម៌ទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិពលករទេសន្តរប្រវេសន៍ និងសិទ្ធិស្ត្រី ដែលមានចែងក្នុងលិខិតុបករណ៍របស់អង្គការសហប្រជាជាតិ (UN) អង្គការអន្តរជាតិខាងការងារ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។

ក្រសួងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការផ្លូវច្បាប់ស្វែងរកយុត្តិធម៌ និងផ្តល់ការថែទាំសុខភាពផ្លូវកាយ-ផ្លូវចិត្តដល់ជនរងគ្រោះ តាមរយៈមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ (MRC)។

ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស អង្គការ ILO, IOM, OHCHR, UN Women និងអង្គការអន្តរជាតិពាក់ព័ន្ធ ឲ្យផ្តោតការយកចិត្តទុកដាក់ជំរុញរដ្ឋាភិបាល និងអាជ្ញាធរថៃ ឲ្យធ្វើការស៊ើបអង្កេតករណីនេះជាបន្ទាន់ ប្រកបដោយតម្លាភាព ដើម្បីធានាយុត្តិធម៌ជូនពលករខ្មែររងគ្រោះ ក៏ដូចជាការពារសិទ្ធិពលករទេសន្តរប្រវេសន៍ទាំងអស់ដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ។

ក្រសួងនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ និងករណីពាក់ព័ន្ធផ្សេងទៀត ដើម្បីការពារ និងលើកកម្ពស់សិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់ពលករខ្មែរ ស្របតាមលិខិតបទដ្ឋានអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងក៏បានក្រើនរំលឹកដល់ពលករខ្មែរនៅប្រទេសថៃទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងជ្រើសរើសការទាក់ទងស្ថាប័នមានសមត្ថកិច្ចកម្ពុជា ឬអង្គការអន្តរជាតិជាដៃគូ ដើម្បីធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព។

administrator

Related Articles