ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ចាត់តំណាងចុះសួរសុខទុក្ខ និងឧបត្ថម្ភ ២.២លានរៀល ដល់នារីពលកររងគ្រោះដោយទាហានថៃរំលោភបំពាន! កម្ពុជាចាត់វិធានការខ្លាំង

ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ចាត់តំណាងចុះសួរសុខទុក្ខ និងឧបត្ថម្ភ ២.២លានរៀល ដល់នារីពលកររងគ្រោះដោយទាហានថៃរំលោភបំពាន! កម្ពុជាចាត់វិធានការខ្លាំង

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ បានចាត់លោក ទេព វិសាល ជាតំណាងចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភចំនួន ២លាន ២០ម៉ឺនរៀល ជូនដល់នារីពលករខ្មែររងគ្រោះម្នាក់ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយយ៉ាងព្រៃផ្សៃបំផុត កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង ក្នុងពេលនាង និងពលករខ្មែរប្រុសស្រីជាង ១០នាក់ផ្សេងទៀត កំពុងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ។

សូមជម្រាបថា នារីរងគ្រោះជាពលករខ្មែរម្នាក់ ក្នុងចំណោមពលករជាង ១០នាក់ ត្រូវបានក្រុមទាហានឈុតខ្មៅថៃ ៧នាក់ ចាប់រំលោភយ៉ាងឃោរឃៅ បន្ទាប់ពីនាងចាកចេញពីប្រទេសថៃដើម្បីឆ្លងដែនចូលមកកម្ពុជា។ ក្រោយមកដល់ទឹកដីកម្ពុជា នារីរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីស្វែងរកយុត្តិធម៌។

ពាក់ព័ន្ធករណីនេះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នឹងចាត់វិធានការប្ដឹងទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិថៃ ធ្វើបណ្ដឹងតវ៉ាតាមរយៈស្ថានទូត និងអង្គការអន្តរជាតិ ដើម្បីឱ្យសមត្ថកិច្ចថៃចាប់ខ្លួនអ្នកប្រព្រឹត្តល្មើសមកអនុវត្តទោស។ លោកបានសង្កត់ធ្ងន់ថា នេះជាអំពើមិនអាចទទួលយកបាន ហើយកម្ពុជាទទូចឱ្យសមត្ថកិច្ចថៃត្រូវតែចាប់ខ្លួនជនល្មើសទាំង ៧នាក់ និងអ្នកពាក់ព័ន្ធទាំងអស់មកផ្ដន្ទាទោស និងប្រកាសជាសាធារណៈ ដើម្បីឱ្យពិភពលោកបានដឹងថា ខ្លួនបានចាត់វិធានការទៅលើជនល្មើសដែលជាកងកម្លាំងរបស់ខ្លួន។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញនេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្ដល់កិច្ចសម្ភាសន៍ជូនអ្នកសារព័ត៌មាន ជុំវិញករណីក្រុមទាហានឈុតខ្មៅថៃរំលោភបំពានរាងកាយយុវតីខ្មែរ និងស្ថានភាពជនភៀសខ្លួនមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា។ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា “ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្ដន្ទាទោសដោយគ្មានការលើកលែង” ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ អំពើទាំងនោះបានចាប់ផ្ដើមពីការរើសអើង ការគំរាមកំហែង និងការបង្កអំពើហិង្សាក្រោមរូបភាពផ្សេងៗចំពោះពលករកម្ពុជា រហូតដល់ការប្រើប្រាស់បន្លាលួសព័ទ្ធយកផ្ទះ ដី និងស្រែចម្ការប្រជាពលរដ្ឋកម្ពុជា និងការប្រើឧបករណ៍បំពងសំឡេង ដែលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសទៅលើស្ត្រី កុមារ ជនមានពិការភាព និងអ្នកជំងឺ។

administrator

Related Articles