វៀតណាមត្រៀមសាងប្រវត្តិសាស្ត្រថ្មី! ព្យាករណ៍ចំណូលកាហ្វេហក់ដល់ ៨ ប៊ីលានដុល្លារមុនកំណត់!

វៀតណាមត្រៀមសាងប្រវត្តិសាស្ត្រថ្មី! ព្យាករណ៍ចំណូលកាហ្វេហក់ដល់ ៨ ប៊ីលានដុល្លារមុនកំណត់!

សមាគមកាហ្វេ-កាកាវវៀតណាម (Vicofa) បានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា ប្រាក់ចំណូលពីការនាំចេញកាហ្វេរបស់ខ្លួន អាចនឹងហក់ឡើងលើសពី ៨ ប៊ីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ ២០២៥ ខាងមុខនេះ ដែលជាការសម្រេចបានមុនគោលដៅឆ្នាំ ២០៣០ ដល់ទៅ ៥ ឆ្នាំឯណោះ! ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលនេះត្រូវបានចុះផ្សាយដោយកាសែត Viet Nam News។

ការរំពឹងទុកដ៏ភ្លឺស្វាងនេះ គឺកើតចេញពីកត្តាសំខាន់ៗចំនួន ៣ រួមមាន៖ ការខិតខំកែលម្អគុណភាពកាហ្វេឲ្យកាន់តែល្អប្រសើរ, ការបង្កើនសមាមាត្រនៃផលិតផលកាហ្វេកែច្នៃស៊ីជម្រៅ, និងការពង្រីកទីផ្សារនាំចេញជាយុទ្ធសាស្ត្ររយៈពេលវែង។

តាមរបាយការណ៍របស់ក្រសួងកសិកម្ម និងបរិស្ថាន បានឲ្យដឹងថា គិតចាប់ពីខែមករា រហូតដល់ខែតុលា កន្លងទៅនេះ វៀតណាមបាននាំចេញកាហ្វេសរុបចំនួន ១,៣ លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលរកចំណូលបានដល់ទៅ ៧,៤១ ប៊ីលានដុល្លារអាមេរិក។ ចំនួននេះបានកើនឡើងរហូតដល់ ៦១,៨% ដែលត្រូវបានចាត់ទុកថាជាកំណើនតម្លៃប្រចាំឆ្នាំខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រវៀតណាម។

ចំណែកឯតម្លៃនាំចេញជាមធ្យមវិញ ក៏បានហក់ឡើងគួរឲ្យកត់សម្គាល់ ដោយឡើងដល់ ៥ ៦៥៣ ដុល្លារក្នុងមួយតោន ពោលគឺកើនឡើង ៤២,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Vicofa បានពន្យល់ថា មុនឆ្នាំ ២០២០ តម្លៃកាហ្វេធ្លាក់ចុះយ៉ាងគំហុក ដែលបណ្ដាលឲ្យកសិករជាច្រើនបានកាត់បន្ថយផ្ទៃដីដាំដុះកាហ្វេរបស់ខ្លួន ជាហេតុធ្វើឲ្យការផ្គត់ផ្គង់នៅលើទីផ្សារធ្លាក់ចុះ។

ប៉ុន្តែទន្ទឹមគ្នានោះដែរ ក្រុមហ៊ុនកាហ្វេរបស់វៀតណាម ក៏បានបង្កើនការវិនិយោគយ៉ាងខ្លាំងទៅលើខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយចីរភាព ដើម្បីធានា និងកែលម្អគុណភាពកាហ្វេឲ្យស្របតាមស្តង់ដារអន្តរជាតិ។ ស្របពេលដែលការផ្គត់ផ្គង់កាហ្វេទូទាំងពិភពលោកបន្តថយចុះ ហើយតម្រូវការនៅតែបន្តកើនឡើង តម្លៃកាហ្វេក៏បានហក់ឡើងខ្ពស់ត្រដែត ដែលជាកត្តាសំខាន់ជំរុញឲ្យប្រាក់ចំណូលពីការនាំចេញរបស់វៀតណាម ឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

administrator

Related Articles