(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងព័ត៌មានបានចុះផ្សាយថា លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញមុខប្រតិកម្មយ៉ាងខ្លាំងចំពោះសាធារណមតិថៃ ដែលបានចាត់ទុកករណីក្រុមទាហានឈុតខ្មៅថៃរំលោភយុវតីខ្មែរថា ជាព័ត៌មានក្លែងក្លាយ ដោយលោកបានលើកឡើងថា ភាគីថៃកំពុងតែមួលបង្កាច់ និងបង្វែរសភាពការណ៍ជាក់ស្តែងទាំងស្រុង។
លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់យ៉ាងច្បាស់ៗថា ការដែលស្ថាប័ន និងសាធារណមតិថៃចាត់ទុកករណីរំលោភបំពានដ៏ព្រៃផ្សៃនេះថា ជាព័ត៌មានមិនពិតនោះ គឺភាគីថៃកំពុងបង្វែងដានសភាពការណ៍ និងបំភ្លៃព័ត៌មានក្លែងក្លាយទៅលើការចេញផ្សាយយ៉ាងត្រឹមត្រូវរបស់ភាគីកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា៖ «ការផ្សព្វផ្សាយរបស់បណ្តាញសង្គមថៃ និងបណ្តាញព័ត៌មានដែលបោះបង់ចោលវិជ្ជាជីវៈរួចទៅហើយថា ករណីកម្លាំងប្រដាប់អាវុធថៃបានចាប់រំលោភប្អូនស្រីដែលជាពលករវិលត្រឡប់មកកាន់កម្ពុជាវិញនោះថា ជាព័ត៌មានក្លែងក្លាយ ជាព័ត៌មានមិនពិត វាកំពុងតែមួលបង្កាច់សភាពការណ៍ ហើយក៏ជាការបំភ្លៃការពិតទៅលើព័ត៌មានពិតដែលកំពុងតែកើតឡើងពិតប្រាកដ និងផ្សព្វផ្សាយពិតប្រាកដចេញពីកម្ពុជាទៅ»។

ទោះបីជាភាគីថៃបានចោទប្រកាន់ថា ព័ត៌មាននៃការរំលោភបូកមកលើពលករជាស្ត្រីខ្មែរនេះមិនពិតយ៉ាងណាក៏ដោយ លោកបណ្ឌិត ទូច សុឃៈ បានអះអាងថា ការពិតជាក់ស្តែងនឹងត្រូវបង្ហាញឡើងក្រោមការស៊ើបអង្កេតរបស់ក្រុមសមត្ថកិច្ចជំនាញនៃក្រសួងមហាផ្ទៃ ដែលកំពុងដំណើរការចុះស្រាវជ្រាវទៅតាមនីតិវិធីច្បាប់ និងស្របតាមលក្ខណៈបច្ចេកទេសរបស់នគរបាលវិទ្យាសាស្ត្រ។
ជាមួយគ្នានេះ ភាគីកម្ពុជាក៏នឹងដាក់ពាក្យបណ្តឹងទៅអគ្គស្នងការដ្ឋាននគរបាលថៃ និងអង្គការអន្តរជាតិនានាផងដែរ ជុំវិញសកម្មភាពរបស់ក្រុមទាហានថៃដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើស្ត្រីខ្មែរ កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមក។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់ភាគីថៃថា ករណីរំលោភបូកលើស្ត្រីខ្មែរនេះជាព័ត៌មានមិនពិត លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ត្រឡប់វិញថា តាមទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ គឺគ្មានស្ត្រីណាម្នាក់បង្ខូចកេរ្តិ៍ឈ្មោះខ្លួនឯងតាមរយៈការប្រឌិតព័ត៌មានថា គេចាប់រំលោភនោះឡើយ។
គួរបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពលករចំណាកស្រុកជាស្ត្រីខ្មែរម្នាក់ អាយុ១៨ឆ្នាំ ត្រូវបានទាហានឈុតខ្មៅថៃចំនួន៧នាក់ ចាប់រំលោភបូកយ៉ាងព្រៃផ្សៃ នៅពេលដែលនាងត្រឡប់ពីប្រទេសថៃមកកាន់កម្ពុជាវិញ។
ប្រភព៖ ក្រសួងព័ត៌មាន
