ជប៉ុន៖ អគ្គិភ័យដ៏សន្ធោសន្ធៅមួយបានផ្ទុះឡើងនៅក្នុងខេត្ត Oita ភាគខាងត្បូងប្រទេសជប៉ុន កាលពីថ្ងៃទី ១៩ ខែតុលា បង្ខំឲ្យប្រជាជនរហូតដល់ ១៧៥ នាក់ មកពី ១១៥ គ្រួសារ ត្រូវជម្លៀសខ្លួនជាបន្ទាន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
អ្វីដែលគួរឲ្យបារម្ភ គឺក្រៅពីការជម្លៀសនេះ ក៏នៅមានមនុស្សម្នាក់បានបាត់ខ្លួននៅឡើយដែរ។ ក្រុមពន្លត់អគ្គិភ័យនៅតែបន្តប្រយុទ្ធនឹងភ្លើង ដែលបានរាលដាលយ៉ាងលឿនពីតំបន់លំនៅដ្ឋានចូលទៅក្នុងព្រៃក្បែរនោះ។

តាមរយៈវីដេអូដែលចេញផ្សាយដោយសារព័ត៌មាន NHK បានបង្ហាញឲ្យឃើញអណ្ដាតភ្លើងដ៏សន្ធោសន្ធៅកំពុងឆាបឆេះឡើងលើមេឃពេលយប់ ខណៈខ្យល់បក់ខ្លាំងបានធ្វើឲ្យភ្លើងរាលដាលដល់ផ្ទះសម្បែងប្រជាពលរដ្ឋកាន់តែលឿន។ គិតត្រឹមថ្ងៃពុធ អគារប្រមាណ ១៧០ ខ្នងបានរងផលប៉ះពាល់ ហើយគ្រួសារជាង ៣០០ កំពុងដាច់ភ្លើងប្រើប្រាស់។
ដើម្បីទប់ទល់នឹងស្ថានការណ៍នេះ អភិបាលខេត្ត Oita បានស្នើសុំការគាំទ្រពីកងយោធា ខណៈដែលក្រុមពន្លត់អគ្គិភ័យកំពុងតស៊ូយ៉ាងសស្រាក់សស្រាំដើម្បីគ្រប់គ្រងអគ្គិភ័យនេះ។ ចំណែកអ្នកជម្លៀសត្រូវបានបញ្ជូនទៅកាន់ជម្រកបណ្ដោះអាសន្នដោយសុវត្ថិភាព។
