អាវុធហត្ថខេត្តសៀមរាប បំបែកសំណុំរឿងលួចម៉ូតូ២ករណី ឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជូនទៅតុលាការ

អាវុធហត្ថខេត្តសៀមរាប បំបែកសំណុំរឿងលួចម៉ូតូ២ករណី ឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជូនទៅតុលាការ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ជូនជនសង្ស័យ២នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីលួចម៉ូតូយ៉ាងសកម្ម។

មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ពួកគេបានទទួលពាក្យបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ អំពីក្រុមជនល្មើសមួយក្រុមដែលជិះម៉ូតូគ្មានស្លាកលេខ និងសួររកអ្នកទិញម៉ូតូ។ ភ្លាមៗនោះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ១១:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចផ្លូវសួនសត្វ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ វត្ថុតាងដកហូតបានរួមមានម៉ូតូចំនួន០២គ្រឿង។

ក្រោមការសាកសួរ ជនសង្ស័យទាំង២នាក់ បានសារភាពដូចៗគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូ២លើកពិតប្រាកដមែន។ លើកទី១ កើតឡើងនៅចុងខែតុលា ឆ្នាំ២០២៥ នៅក្បែរផ្សារហ៊ុយឡេង ភូមិតាភុល សង្កាត់ស្វាយដង្គំ ខណៈលើកទី២ លួចនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

អាវុធហត្ថខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរក្សាទុកទ្រព្យសម្បត្តិមានតម្លៃ ជាពិសេសយានយន្ត ដើម្បីកុំឲ្យជនល្មើសមានឱកាសធ្វើសកម្មភាពលួចយកទៅបាត់ដោយងាយស្រួល។

administrator

Related Articles