ករណីថ្មីមួយទៀតបានលាតត្រដាងនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា បន្ទាប់ពីកម្លាំងប៉ូលិសបានរកឃើញជនឆបោកតាមប្រព័ន្ធអ៊ីនធឺណិតម្នាក់ ដែលបានក្លែងបន្លំដឹកជញ្ជូនផលិតផលដោយគ្មានការបញ្ជាទិញ និងប្រើប្រាស់ល្បិចបោកប្រាស់ដោយតម្រូវឲ្យបង់ប្រាក់ភ្លាមៗ។ តាមការស្រាវជ្រាវ គេបានរកឃើញបញ្ជីឈ្មោះជនរងគ្រោះជិត ១០ម៉ឺននាក់បន្ថែមទៀត។

តាមរបាយការណ៍ពីសារព័ត៌មាន thethaiger លោកវរសេនីយ៍ឯក Chatree Chukaew អធិការនៃស្ថានីយ៍ប៉ូលិសក្រុងភូកេត បានលាតត្រដាងពីករណីដ៏ស្មុគស្មាញនេះ បន្ទាប់ពីបានរឹបអូសគ្រឿងសំអាងដែលលក់តាមអ៊ីនធឺណិតជាង ២ម៉ឺនមុខ។ ទំនិញដែលរឹបអូសបានគឺផ្អែកលើមូលដ្ឋានទិន្នន័យរបស់អតិថិជនពីមុនៗ និងពីប្រភពផ្សេងៗ រួមទាំងឈ្មោះដែលប្រមូលបានពីទីផ្សារងងឹត។
ក្នុងអំឡុងពេលនៃការឆែកឆេរ មន្ត្រីជំនាញបានរកឃើញឈ្មោះអតិថិជនចំនួន ១០ម៉ឺននាក់ ដែលរក្សាទុកនៅលើកុំព្យូទ័រយួរដៃ។ យ៉ាងណាមិញ ការស៊ើបអង្កេតកំពុងដំណើរការយ៉ាងសកម្ម ដើម្បីកំណត់អត្តសញ្ញាណប្រភពព័ត៌មាន និងការតភ្ជាប់ណាមួយទៅកាន់បណ្តាញឧក្រិដ្ឋកម្មផ្សេងទៀត។

សរុបទំនិញដែលរឹបអូសបានរួមមានទំនិញចំនួន ២០,៨២៩ មុខ ដែលក្នុងនោះមាន៖ ទំនិញខុសច្បាប់ចំនួន ៧,៤៩២ មុខ, ទំនិញវេចខ្ចប់ចំនួន ៥,២២៣ មុខ, ទំនិញវេចខ្ចប់ចំនួន ៣,៨៩០ មុខ, ទំនិញត្រៀមដឹកជញ្ជូនចំនួន ១,០៩៩ មុខ និងទំនិញដែលបានប្រគល់មកវិញចំនួន ៣,១២៥ មុខ។
លើសពីនេះ មន្ត្រីកំពុងរៀបចំពង្រីកការស៊ើបអង្កេតរបស់ពួកគេ ទៅលើបញ្ជីជនរងគ្រោះ និងប្រភពព័ត៌មាន ដើម្បីបន្តចាត់វិធានការផ្លូវច្បាប់បន្ថែមទៀតដោយមិនលើកលែង។

អត្ថបទ៖ សាង ស្រីល័ក្ខ
