នគរបាលព្រហ្មទណ្ឌ ច្រានចោលការចោទប្រកាន់រឿងបៀតបៀនស្ត្រី ក្នុងប្រតិបត្តិការស្វាយរៀង បញ្ជាក់ថាជាទង្វើអ្នកសារព័ត៌មាន

នគរបាលព្រហ្មទណ្ឌ ច្រានចោលការចោទប្រកាន់រឿងបៀតបៀនស្ត្រី ក្នុងប្រតិបត្តិការស្វាយរៀង បញ្ជាក់ថាជាទង្វើអ្នកសារព័ត៌មាន

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីថ្លែងការណ៍ច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ថា កងកម្លាំងរបស់ខ្លួនបានប្រព្រឹត្តអំពើបៀតបៀន ឬប៉ះពាល់កិត្តិយសស្ត្រី ក្នុងអំឡុងពេលប្រតិបត្តិការបង្ក្រាបករណីរំដោះអ្នកទោសនៅខេត្តស្វាយរៀងនាពេលថ្មីៗនេះ។ នាយកដ្ឋានបានអះអាងយ៉ាងមុតមាំថា កងកម្លាំងនគរបាលជំនាញទាំងអស់ បានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យកងកម្លាំង ពិសេសការគោរពចំពោះស្ត្រី។

News Image 1

ក្នុងសេចក្ដីបំភ្លឺដែលបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជាក់ថា បន្ទាប់ពីការចាប់ខ្លួនបានជោគជ័យនូវអ្នកទោសចំនួន ៦នាក់ និងស្ត្រីម្នាក់ដែលបានចូលរួមរំដោះចេញពីសាលាដំបូងខេត្តស្វាយរៀង នៅក្នុងភូមិសាស្ត្រស្រុកស្វាយទាប ខេត្តស្វាយរៀង កម្លាំងជំនាញបានត្រៀមបញ្ជូនជនឧក្រិដ្ឋទាំងនោះ រួមទាំងស្ត្រីជាប់ពាក់ព័ន្ធ ឡើងលើរថយន្តដើម្បីបន្តនីតិវិធីសួរនាំ។ ប៉ុន្តែនៅពេលដែលកំពុងបញ្ជូនឡើងរថយន្តនោះ ស្រាប់តែមានបុគ្គលម្នាក់ជាអ្នកសារព័ត៌មាន បានលូកដៃទៅប៉ះពាល់មុខស្ត្រីខាងលើ ព្រមទាំងប្រើពាក្យសម្ដីមិនសមរម្យ។

News Image 2

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានសង្កត់ធ្ងន់ថា៖ «បុគ្គលដែលបានលូកដៃទៅប៉ះពាល់មុខស្ត្រីដែលបានយកកាំភ្លើងហុចឱ្យជនល្មើសដើម្បីរំដោះខ្លួនចេញពីសាលាដំបូងខេត្តស្វាយរៀងនោះ មិនមែនជាមន្ត្រីនគរបាលឡើយ។ នៅក្នុងរាល់ប្រតិបត្តិការ កម្លាំងនគរបាលជំនាញតែងតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងបទវិន័យនគរបាលជាតិ ជាពិសេសចំពោះជនល្មើសជាស្ត្រីភេទ»។

News Image 3

ជាមួយគ្នានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ មេត្តាបញ្ចេញមតិលើករណីនេះប្រកបដោយក្រមសីលធម៌ និងមិនគួរចោទប្រកាន់មកលើកម្លាំងនគរបាល ដែលបានប្រថុយជីវិតដើម្បីតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជននោះឡើយ។

News Image 4

សូមជម្រាបថា អ្នកសារព័ត៌មានដែលបានប្រព្រឹត្តទង្វើមិនសមរម្យនេះ ត្រូវបានគេស្គាល់ឈ្មោះថា ខាន់ សារ័ត្ន ជាអ្នកសារព័ត៌មាននៃអង្គភាពក្ដាមក្រហមនៅខេត្តស្វាយរៀង។ ក្រសួងព័ត៌មានបានចាត់វិធានការភ្លាមៗ ដោយបានលុបចោលសុពលភាពបណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មានរបស់បុគ្គលរូបនេះ និងបានដាក់ឈ្មោះគាត់ទៅក្នុងបញ្ជីហាមឃាត់មិនឱ្យប្រកបអាជីវកម្មពាក់ព័ន្ធវិស័យព័ត៌មាន និងសោតទស្សន៍។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីរកឃើញថា ទង្វើរបស់លោក ខាន់ សារ័ត្ន ជាអំពើអសីលធម៌ និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលបានហាមឃាត់មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្ដី និងបៀតបៀនរូបរាងកាយរបស់ស្ត្រី។

News Image 5

កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ក្រសួងព័ត៌មានក៏បានបញ្ជូនមន្ត្រីជំនាញចុះទៅដល់មន្ទីរព័ត៌មានខេត្តស្វាយរៀង ដើម្បីកោះហៅអ្នកសារព័ត៌មាន ផាត់ ហ៊ន និងបុគ្គល ខាន់ សារ័ត្ន មកណែនាំ និងអនុវត្តវិធានការស្របតាមលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ជាធរមាន។ បន្ទាប់ពីបញ្ចប់នីតិវិធីរបស់ក្រសួងព័ត៌មាន នៅវេលាថ្ងៃត្រង់ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបាននាំខ្លួនលោក ផាត់ ហ៊ន និងលោក ខាន់ សារ័ត្ន ទៅសាកសួរបន្តនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបន្ថែមទៀត។

administrator

Related Articles