សហគមន៍នេសាទជម្ពូខ្មៅ រួមគ្នាប្រឆាំងគ្រឿងញៀន តាមរយៈ App NoDrug!

សហគមន៍នេសាទជម្ពូខ្មៅ រួមគ្នាប្រឆាំងគ្រឿងញៀន តាមរយៈ App NoDrug!

ខេត្តព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ រួមជាមួយក្រុមការងារស្រុកព្រៃនប់ ដឹកនាំដោយ បណ្ឌិត អ៊ី ធារិន បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍នេសាទជម្ពូខ្មៅ។ គោលបំណងសំខាន់នៃការជួបជុំនេះ គឺដើម្បីផ្សព្វផ្សាយ និងអប់រំស៊ីជម្រៅពីផលប៉ះពាល់ធ្ងន់ធ្ងរនៃគ្រឿងញៀន ព្រមទាំងជំរុញឱ្យពួកគាត់ទាំងអស់គ្នាប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិ ដើម្បីរួមចំណែកកសាងសហគមន៍មួយដែលគ្មានគ្រឿងញៀន ប្រកបដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ។

ក្នុងឱកាសនោះដែរ បណ្ឌិត អ៊ី ធារិន ក៏បានជម្រាបជូនដល់ប្រជាសហគមន៍នេសាទជម្ពូខ្មៅ អំពីការងារអាទិភាពមួយចំនួន ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ទាំងសុខភាព អនាម័យ បរិស្ថាន សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តំណាងនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងនូវការកោតសរសើរយ៉ាងស្មោះ ចំពោះកិច្ចសហការរបស់ប្រជាពលរដ្ឋ និងបានគូសបញ្ជាក់ជាថ្មីពីគ្រោះថ្នាក់នៃគ្រឿងញៀន។ លោកក៏បានលើកបង្ហាញពីគុណប្រយោជន៍ដ៏ធំធេងនៃកម្មវិធី App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកបានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ជួយផ្សព្វផ្សាយព័ត៌មានសំខាន់ៗទាំងនេះ ទាំងបញ្ហាគ្រឿងញៀន និង App NoDrug ទៅកាន់សមាជិកគ្រួសារ និងបងប្អូនប្រជាពលរដ្ឋដទៃទៀត ដើម្បីរួមគ្នាកសាងសុវត្ថិភាពសហគមន៍ឱ្យរួចផុតពីបញ្ហាផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀនតែម្ដង។

គ្រួសារសហគមន៍ទេសចរណ៍ជម្ពូខ្មៅ បានសម្ដែងនូវក្ដីសប្បាយរីករាយយ៉ាងខ្លាំង ដោយបានទទួលនូវព័ត៌មាន និងចំណេះដឹងថ្មីៗទាក់ទងនឹងបញ្ហាគ្រឿងញៀន ជាពិសេសគឺអត្ថប្រយោជន៍នៃ App NoDrug។ ពួកគាត់បានប្ដេជ្ញាចិត្តថា នឹងបន្តផ្សព្វផ្សាយនូវការយល់ដឹងទាំងនេះ ដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀន កុំឱ្យរីករាលដាលនៅក្នុងសហគមន៍របស់ខ្លួន និងរួមគ្នាបង្កើតជាសហគមន៍គំរូមួយដែលគ្មានគ្រឿងញៀន។





ដោយ៖ តារា

administrator

Related Articles