ខេត្តស្វាយរៀង៖ ហេតុការណ៍រំដោះឧក្រិដ្ឋជនជនជាតិវៀតណាមចេញពីសាលាដំបូងខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានការផ្ទុះអាវុធរវាងក្រុមឧក្រិដ្ឋជន និងកម្លាំងសមត្ថកិច្ច បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ ពេលនេះកម្លាំងសមត្ថកិច្ចបានតាមចាប់ខ្លួនអ្នកទោសជាមេក្លោងម្នាក់ត្រឡប់មកវិញហើយ ខណៈបក្ខពួក៥នាក់ផ្សេងទៀត រួមទាំងអ្នកមករំដោះ កំពុងបន្តរត់គេចខ្លួននៅឡើយ។
សេចក្ដីរាយការណ៍ពីខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយពីអ្នកទោសជនជាតិវៀតណាមត្រូវបានបក្ខពួកមករំដោះចេញពីសាលាដំបូងខេត្តនោះ ទាំងកម្លាំងអនុរក្សពន្ធនាគារ នគរបាល និងអាវុធហត្ថ បានសហការគ្នាយ៉ាងស្អិតរមួត ចុះស្រាវជ្រាវភ្លាមៗ រហូតអាចចាប់ខ្លួនអ្នកទោសជាមេក្លោងម្នាក់ រួមជាមួយរថយន្ដមួយគ្រឿងដែលជាមធ្យោបាយគេចខ្លួនរបស់ពួកគេ។

សមត្ថកិច្ចខេត្តស្វាយរៀងបានអះអាងថា អ្នកទោសទាំង៦នាក់ដែលត្រូវបានរំដោះទាំងព្រឹក ខណៈបញ្ជូនទៅបន្តនីតិវិធីនៅតុលាការ សង្ស័យពួកគេជាប់ពាក់ព័ន្ធករណីឆបោកអនឡាញ (Scam Online) ដែលត្រូវបានកម្លាំងជំនាញចាប់ខ្លួនបានកាលពីពេលកន្លងទៅ។
ផ្អែកតាមរូបភាពដែលបង្ហាញដោយវីដេអូចេញពីកាមេរ៉ាសុវត្ថិភាពនៅបរិវេណសាលាដំបូងខេត្តស្វាយរៀង បានឲ្យឃើញថា មុនពេលមន្ដ្រីពន្ធនាគារបញ្ជូនអ្នកទោសមកដល់សាលាដំបូងខេត្ត គេឃើញស្ដ្រីម្នាក់ស្លៀកពាក់ខោអាវខ្មៅ និងពាក់ម៉ាស បានដើរចូលមកកន្លែងចំណតរថយន្ដដែលមន្ដ្រីពន្ធនាគារនឹងឲ្យអ្នកទោសចុះ។ ឈរមួយសន្ទុះនៅពេលរថយន្ដដឹកអ្នកទោសមកដល់ អនុរក្សពន្ធនាគារបានឲ្យអ្នកទោសចុះ រួចស្ដ្រីរូបនោះក៏បានដើរទៅក្បែរទ្វារចុះ។

ក្នុងអំឡុងពេលឈរក្បែរគ្នា អ្នកទោសម្នាក់ទំនងជាមេក្លោងដែលដឹងផែនការច្បាស់ បានឆ្លៀតឆក់កាំភ្លើងខ្លីមួយដើមពីស្ដ្រីខាងលើ ដែលបានត្រៀមរៀបចំរួចជាស្រេច រួចបាញ់រះមកលើសមត្ថកិច្ចដែលឈរការពារ ហើយរត់ចេញទៅក្រៅឡើងរថយន្ដដែលពួកគេបានត្រៀមទុក ដើម្បីគេចខ្លួនតែម្ដង។ នៅពេលនោះ សមត្ថកិច្ចក៏បានបាញ់តដៃដើម្បីការពារខ្លួន និងបញ្ឈប់សកម្មភាពក្រុមឧក្រិដ្ឋជនដែរ ប៉ុន្ដែមិនអាចបញ្ឈប់បានឡើយ។
រំលងបានប៉ុន្មានម៉ោង សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធបានស្ទាក់ចាប់បានរថយន្ដដែលឧក្រិដ្ឋជនជិះរត់គេចខ្លួនមួយគ្រឿង ក្នុងចំណោមរថយន្ដពីរគ្រឿង។ រថយន្ដនោះបានបើកធ្លាក់ស្រែ ហើយសមត្ថកិច្ចក៏បានចាប់ខ្លួនអ្នកទោសមេក្លោងម្នាក់ត្រឡប់មកវិញផងដែរ។
ដោយឡែក អ្នកទោស៥នាក់ផ្សេងទៀត រួមទាំងស្ដ្រីដែលមករំដោះនោះ នៅបន្តរត់គេចខ្លួន ហើយសមត្ថកិច្ចមិនទាន់ចាប់បាននៅឡើយទេ។ យ៉ាងណាមិញ ក្នុងហេតុការណ៍រំដោះអ្នកទោសនេះ មិនបណ្ដាលឲ្យសមត្ថកិច្ចណាម្នាក់រងគ្រោះថ្នាក់នៅពេលបាញ់តដៃគ្នានោះទេ៕ ដោយ៖ យឹម សុថាន
