ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់បានកក់កៅអីសម្រាប់ព្រឹត្តិការណ៍ World Cup 2026 ដោយស្វ័យប្រវត្តិ បន្ទាប់ពីបានលត់ក្រុមស្លូវ៉ាគីយ៉ាងចាស់ដៃ ៦-០ ក្នុងការប្រកួតជម្រុះចុងក្រោយរបស់ខ្លួន។ ជ័យជម្នះដ៏ធំធេងនេះបានជំរុញឱ្យស្លូវ៉ាគីត្រូវបន្តប្រកួតវគ្គ Playoff នៅខែមីនាខាងមុខ។

ក្នុងនាមជាម្ចាស់ជើងឯកពិភពលោក ៤ សម័យកាល អាល្លឺម៉ង់បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១ ក្នុងពូលរបស់ពួកគេ ដោយនាំមុខក្រុមស្លូវ៉ាគីរហូតដល់ ៣ ពិន្ទុ។ គ្រូបង្វឹកលោក Julian Nagelsmann បានសម្តែងការកោតសរសើរចំពោះកូនក្រុមរបស់លោកថា៖ «កីឡាករគ្រប់រូបបានប្រឹងប្រែងអស់ពីសមត្ថភាព។ យើងបានលេងការប្រកួតដ៏អស្ចារ្យមួយ។ យើងបានខិតខំធ្វើការយ៉ាងខ្លាំង ហើយបានស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យ។ យើងមានទំនុកចិត្តលើការប្រកួតរបស់យើង។ ថ្ងៃនេះគ្មានហេតុផលអ្វីត្រូវត្អូញត្អែរឡើយ។ យើងមានសម្ពាធ ប៉ុន្តែបានបង្ហាញស្មារតីក្រុមដ៏អស្ចារ្យ។ ខ្ញុំពិតជាមានមោទកភាពចំពោះក្រុម»។

អាល្លឺម៉ង់ដែលមានកំណត់ត្រាឡើងទៅ World Cup ដល់ទៅ ២១ ដង (ជាចំនួនច្រើនជាងគេលំដាប់ទីពីរបន្ទាប់ពីប្រេស៊ីល ២៣ ដង) បានប្រកាសគោលដៅយ៉ាងច្បាស់ថា នឹងខិតខំដណ្តើមពាន World Cup ដែលរៀបចំរួមគ្នាដោយម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា នាឆ្នាំ២០២៦ ខាងមុខ ដើម្បីស្តារកេរ្តិ៍ឈ្មោះរបស់ខ្លួនជាមហាអំណាចបាល់ទាត់ពិភពលោកឡើងវិញ។

