រាជធានីភ្នំពេញ៖ ដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ! ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមរៀបចំពិព័រណ៍ការងារដ៏ធំសម្បើមមួយទៀតហើយ នៅខេត្តបន្ទាយមានជ័យ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែងមកជូនបងប្អូនដល់ទីកន្លែង។ ពិព័រណ៍នេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នាចុងសប្ដាហ៍នេះ គឺនៅថ្ងៃទី២២ និងទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានបញ្ជាក់ថា អ្នកចូលរួមទាំងអស់អាចដាក់ពាក្យ និងសម្ភាសការងារផ្ទាល់ជាមួយនិយោជកភ្លាមៗតែម្ដង។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅទីតាំងចំនួនពីរ៖
* ថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្សារចំការតាដោក ស្រុកមង្គលបូរី។
* ថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាស្រុកព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។
កម្មវិធីនឹងចាប់ផ្ដើមពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។
មិនតែប៉ុណ្ណោះ បងប្អូនដែលអញ្ជើញចូលរួមពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ នឹងទទួលបានការសម្របសម្រួលដឹកជញ្ជូនចូលរួមដោយឥតគិតថ្លៃ ព្រមទាំងទទួលបានអាវយឺតដ៏ស្រស់ស្អាត អាហារ ភេសជ្ជៈ កាហ្វេ និងសេវាកាត់សក់ពីជាងជំនាញដោយឥតគិតថ្លៃផងដែរ! ឱកាសល្អបែបនេះកម្រមានណាស់ សូមកុំមើលរំលង! សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកកាន់ទូរសព្ទ Hotline លេខ ១២៩៧ ។
