នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) កាលពីថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសដកខ្លួនចេញពីការអន្តរាគមន៍ក្នុងរឿងអាស្រូវដ៏កក្រើកនៅក្នុងកងកម្លាំងនគរបាលជាតិថៃ។ លោកបានបញ្ជាក់ថា ទំនួលខុសត្រូវទាំងស្រុងសម្រាប់ការស៊ើបអង្កេតករណីបណ្តាញសូកប៉ាន់ដែលត្រូវបានចោទប្រកាន់ គឺស្ថិតនៅជាមួយអគ្គស្នងការនគរបាលជាតិតែមួយគត់ ហើយរូបលោកគ្រាន់តែចង់ «រួចខ្លួន» ពីករណីនេះប៉ុណ្ណោះ។
ការលើកឡើងរបស់លោក អានុទីន បានកើតឡើងបន្ទាប់ពីមានភាពតានតឹងខ្លាំង ក្រោយពេលអតីតអគ្គស្នងការរងនគរបាលជាតិ លោក សុរៈឆាត ហាកផាន (Surachate Hakparn) បានទម្លាយការចោទប្រកាន់ដ៏ធ្ងន់ធ្ងរថា នគរបាលជាតិថៃគឺជា «អង្គការឧក្រិដ្ឋកម្មដ៏ធំបំផុតនៅក្នុងប្រទេសថៃ»។ ការចោទប្រកាន់នេះបានជំរុញឱ្យមន្ត្រីប៉ូលិសទូទាំងប្រទេសចេញមុខស្បថជាសាធារណៈដើម្បីឆ្លើយតបនឹងការចោទប្រកាន់។
លោក អានុទីន បានថ្លែងថា រូបលោកបានដាក់ចេញនូវគោលនយោបាយទូលំទូលាយរួចហើយ ហើយដោយសារលោកទើបតែកាន់តំណែងបានតែ ៤ខែ លោកនឹងមិនចូលខ្លួនពាក់ព័ន្ធនឹងការរុះរើ ឬជម្លោះផ្ទៃក្នុងរបស់ប៉ូលិសនោះទេ។ តម្រូវការតែមួយគត់របស់លោក គឺចង់ឃើញប៉ូលិសផ្តល់អាទិភាពដល់សុវត្ថិភាពសាធារណៈ និងបង្ហាញលទ្ធផលជាក់ស្តែងក្នុងការបង្ក្រាបលើក្រុមបោកប្រាស់ គ្រឿងញៀន អាជីវកម្មខុសច្បាប់ ផ្ទះបន និងទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ។

នៅពេលត្រូវបានសួរថា តើការចោទប្រកាន់ប្រឆាំងនឹងប៉ូលិសជាន់ខ្ពស់នឹងរារាំងការស៊ើបអង្កេតដែរឬទេ លោក អានុទីន បានឆ្លើយថា បញ្ហានេះស្ថិតនៅក្រោមអំណាចរបស់អគ្គស្នងការនគរបាលជាតិ។
សូមជម្រាបថា ក្រោយមានការចោទប្រកាន់ពីអតីតមន្ត្រីប៉ូលិសជាន់ខ្ពស់ថា មន្ត្រីប៉ូលិសថៃជាង ២០០នាក់ពាក់ព័ន្ធនឹងការប្រមូលប្រាក់ការពារ ជាប់ទាក់ទងជាមួយក្រុមបោកប្រាស់ (Scammer) និងក្រុមល្បែងស៊ីសងតាមអនឡាញនោះ ស្រាប់តែប៉ូលិសថៃទូទាំងប្រទេស បានប្រញាប់នាំគ្នាចេញស្បថនៅមុខប៉ុស្តិ៍ប៉ូលិសរៀងៗខ្លួន ដោយស្រែកឮៗថា «យើងជាប៉ូលិសរបស់ប្រជាជន មិនមែនជាអង្គការឧក្រិដ្ឋកម្មទេ»។ តាមការផ្សាយរបស់សារព័ត៌មាន Thairath លោក សុរៈឆាត បានទម្លាយអំពីអំពើពុករលួយដែលចាក់ស្រែះនៅក្នុងអង្គភាពប៉ូលិសថៃ ដោយលោកបានហៅកម្លាំងប៉ូលិសថាជា «អង្គការឧក្រិដ្ឋកម្មដ៏ធំ» ថែមទៀតផង។
