ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបជម្រាបលារបស់លោក Wihelm Maximilian Donko ឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួង។
ក្នុងឱកាសជំនួបនេះ លោកស្រីរដ្ឋមន្ត្រីស្តីទី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះលោកឯកអគ្គរដ្ឋទូតអូទ្រីស ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអូទ្រីស ឲ្យកាន់តែរឹងមាំ។ ជាពិសេស លោកស្រីបានកត់សម្គាល់ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លារបស់ប្រទេសអូទ្រីស មកលើកម្ពុជាលើផ្នែកដោះមីន និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាកិច្ចការសំខាន់សម្រាប់កាអភិវឌ្ឍប្រទេស។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាដោយស្មោះត្រង់ អំពីមធ្យោបាយនានា ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងកម្ពុជា និងអូទ្រីស ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ក្នុងនោះ ក៏មានការលើកឡើងពីលទ្ធភាពក្នុងការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរផងដែរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតអូទ្រីស បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការរីកចម្រើនគួរឲ្យកត់សម្គាល់របស់កម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីរដ្ឋមន្ត្រីស្តីទី ក៏បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេសទាក់ទងនឹងការអនុវត្តសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ។ នេះជាការបញ្ចប់ទៅដោយជោគជ័យនៃជំនួបដ៏មានអត្ថន័យ។ ដោយ ៖ សិលា
