ក្រុមហ៊ុនភេសជ្ជៈយក្សរបស់ថៃជាច្រើន រួមមាន Carabao, Ichitan និង Malee បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញសុទ្ធយ៉ាងគំហុក។ ការធ្លាក់ចុះនេះបណ្ដាលមកពីកត្តាជាច្រើន រួមមានភាពតានតឹងតាមបណ្ដោយព្រំដែនជាមួយកម្ពុជា បញ្ហាអាកាសធាតុមិនអំណោយផល និងតម្រូវការធ្លាក់ចុះពីទីផ្សារជិតខាងដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។
កាសែត The Nation បានរាយការណ៍កាលពីថ្ងៃចន្ទថា ទីផ្សារភេសជ្ជៈគ្មានជាតិអាល់កុលរបស់ថៃ ដែលមានទំហំប្រមាណ ១០០ ពាន់លានបាត ឬជាង ៣ ពាន់លានដុល្លារ កំពុងជួបវិបត្តិធ្ងន់ធ្ងរនៅឆ្នាំនេះ។ អាកាសធាតុត្រជាក់ខុសពីធម្មតាក្នុងរដូវប្រាំងបានកាត់បន្ថយការលក់ ខណៈជម្លោះព្រំដែនថៃ-កម្ពុជាដែលបានផ្ទុះឡើងនៅត្រីមាសទី៣ ក៏បានបង្កការរំខានយ៉ាងខ្លាំងដល់ពាណិជ្ជកម្មឆ្លងដែនផងដែរ។ ផលិតផលដែលពឹងផ្អែកលើទីផ្សារ CLMV ជាពិសេសកម្ពុជា និងមីយ៉ាន់ម៉ា នៅតែបន្តធ្លាក់ចុះ ចំណែកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផ្សេងទៀត ក៏រងផលប៉ះពាល់ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងការប្រែប្រួលអត្រាប្ដូរប្រាក់។

Malee Group ដែលជាក្រុមហ៊ុនផលិត និងចែកចាយទឹកផ្លែឈើ បានកត់ត្រាកំណើនប្រាក់ចំណេញសុទ្ធ ២,១% ដល់ ៦១,៩ លានបាត។ ទោះជាយ៉ាងនេះក្ដី សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៥ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ១៥,៨% មកនៅត្រឹមប្រមាណ ២៣៩,៣ លានបាត ខណៈប្រាក់ចំណូលសរុបក្នុងរយៈពេលដូចគ្នាបានធ្លាក់ចុះ ៩,៣% មកនៅប្រមាណ ៥,៨៥ ពាន់លានបាត។ ការធ្លាក់ចុះនេះ ក៏ដោយសារភាពតានតឹងកម្ពុជា-ថៃ ដែលបង្កការរំខានដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ទាប់ពីការបិទព្រំដែនជាឯកតោភាគីរបស់ថៃ។
រីឯក្រុមហ៊ុន Carabao Group ដែលល្បីល្បាញនៅកម្ពុជា ក៏បានកត់ត្រាប្រាក់ចំណូលប្រមាណ ៥,៤៩ ពាន់លានបាត ដែលកើនឡើង ៨% នៅត្រីមាសទី៣។ ប៉ុន្តែសម្រាប់ប្រាក់ចំណេញសុទ្ធវិញ បានធ្លាក់ចុះរហូតដល់ ២០% មកត្រឹមប្រមាណ ៦១៦ លានបាត។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺការលក់លើទីផ្សាររបស់ក្រុមហ៊ុន Carabao នៅត្រីមាសទី៣ បានធ្លាក់ចុះយ៉ាងគំហុកប្រមាណ ៤២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មកនៅត្រឹម ៧២៧ លានបាត។ ការលក់នៅគ្រប់ទីផ្សារ CLMV ទាំងអស់សុទ្ធតែធ្លាក់ចុះ ដោយសារតែការរំខានដល់ពាណិជ្ជកម្មឆ្លងដែន ជាពិសេសជម្លោះព្រំដែនប្រដាប់អាវុធជាមួយកម្ពុជា។
ងាកមកក្រុមហ៊ុនភេសជ្ជៈ Ichitan Group វិញ បានកត់ត្រាចំណូលពីការលក់ប្រមាណ ២,១ ពាន់លានបាតនៅត្រីមាសទី៣ ដែលធ្លាក់ចុះ ០,៣%។ ប៉ុន្តែប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើងបន្តិច ០,៣% ដល់ជាង ៣៥០ លានបាត។ យ៉ាងណាមិញ សម្រាប់រយៈពេល ៩ ខែដើមឆ្នាំ ក្រុមហ៊ុនដែលមានទីផ្សារសំខាន់នៅកម្ពុជានេះ បានកត់ត្រាការធ្លាក់ចុះ ៨,១% នៃប្រាក់ចំណេញសុទ្ធ មកនៅប្រហែល ១ ពាន់លានបាត ខណៈប្រាក់ចំណូលសរុបក៏ធ្លាក់ចុះ ៦,៧% ដល់ប្រមាណ ៦,១៤ ពាន់លានបាត។
ក្រុមហ៊ុនភេសជ្ជៈថៃល្បីៗផ្សេងទៀតដូចជា Sappe, Thai Coconut និង Osotspa ក៏បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូល និងប្រាក់ចំណេញសុទ្ធយ៉ាងគំហុកផងដែរ។ នៅត្រីមាសទី៣ ប្រាក់ចំណេញសុទ្ធរបស់ Sappe បានធ្លាក់ចុះជិត ៤០% ខណៈ Thai Coconut ធ្លាក់ចុះជិត ៦០%។ ចំណែក Osotspa បានរាយការណ៍ពីការធ្លាក់ចុះតម្រូវការនៅក្នុងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា-ថៃ មិនត្រឹមតែបណ្ដាលឲ្យមានការបិទច្រកព្រំដែនគោក ដែលរាំងស្ទះដល់ការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កឲ្យមានរលកនៃការធ្វើពហិការលើផលិតផលថៃក្នុងចំណោមអ្នកប្រើប្រាស់កម្ពុជាផងដែរ។
កន្លងមក ក្រុមអាជីវករថៃបានអំពាវនាវឲ្យរដ្ឋាភិបាលរបស់ខ្លួនដោះស្រាយបញ្ហាជម្លោះជាមួយកម្ពុជាជាបន្ទាន់ ខណៈតួលេខពីរដ្ឋាភិបាលថៃបង្ហាញថា ថៃអាចនឹងខាតបង់សេដ្ឋកិច្ច ១០០ ពាន់លានបាត ប្រសិនបើការបិទព្រំដែនបន្តអូសបន្លាយរហូតដល់ចុងឆ្នាំ ២០២៥។
