ក្រសួងព័ត៌មានបានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សា និងជម្រាបលាឯកឧត្តម Wihelm Maximilian Donko ឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំកម្ពុជា (មាននិវេសនដ្ឋាននៅបាងកក) នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងស្ថាបនា។
ក្នុងជំនួបនោះ លោកជំទាវរដ្ឋមន្ត្រីស្តីទី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតអូទ្រីស ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងអូទ្រីស។ លោកជំទាវក៏បានកោតសរសើរចំពោះការគាំទ្រជាបន្តបន្ទាប់របស់អូទ្រីសលើវិស័យដោះមីន និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ដើម្បីស្វែងរកមធ្យោបាយពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ជាពិសេស ភាគីទាំងពីរបានសង្កត់ធ្ងន់ និងពិភាក្សាពីលទ្ធភាពក្នុងការជំរុញ និងបង្កើនទំហំពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លានាពេលអនាគត។
ឆ្លើយតបវិញ ឯកឧត្តមឯកអគ្គរដ្ឋទូតអូទ្រីសបានសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះវឌ្ឍនភាព និងការអភិវឌ្ឍគួរឱ្យកត់សម្គាល់របស់កម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
មុននឹងបញ្ចប់ជំនួប លោកជំទាវរដ្ឋមន្ត្រីស្តីទីក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសការអនុវត្តសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ។
