រាជធានីភ្នំពេញ ៖ កម្លាំងសណ្ដាប់ធ្នាប់នៃរដ្ឋបាលខណ្ឌដូនពេញ បានបន្តចុះប្រតិបត្តិការយ៉ាងសកម្ម ដើម្បីរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ និងបរិស្ថានទូទាំងមូលដ្ឋានខណ្ឌ កាលពីព្រឹកថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងសកម្មភាពនោះ រដ្ឋបាលខណ្ឌក៏បានហាមឃាត់យ៉ាងដាច់អហង្ការមិនឱ្យអាជីវករណាម្នាក់យកចិញ្ចើមផ្លូវសាធារណៈមកធ្វើអាជីវកម្មដោយគ្មានសណ្ដាប់ធ្នាប់នោះទេ ដោយតម្រូវឱ្យទុកចន្លោះយ៉ាងតិច១/៣ នៃទំហំចិញ្ចើមផ្លូវសម្រាប់បងប្អូនប្រជាពលរដ្ឋថ្មើរជើងធ្វើដំណើរ។ 
សកម្មភាពដ៏មមាញឹកនេះ ធ្វើឡើងតាមការចង្អុលបង្ហាញដ៏ម៉ឺងម៉ាត់របស់លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ក្នុងគោលបំណងសំខាន់លើកកម្ពស់សោភណភាពក្នុងទីក្រុង និងសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល និងរលូននៅក្នុងរាជធានីភ្នំពេញ។ 
នេះបើយោងតាមការប្រកាសលើបណ្ដាញសង្គមផ្លូវការរបស់រដ្ឋបាលខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាដដែល។ ក្នុងនោះក៏បានបញ្ជាក់បន្ថែមថា កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ នឹងបន្តចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថានតាមមូលដ្ឋានខណ្ឌឱ្យបានល្អប្រសើរ។
ជាពិសេស ហាមមិនឱ្យយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងប្រកបអាជីវកម្មរបស់ខ្លួនឡើយ ហើយត្រូវទុក១/៣ នៃចិញ្ចើមផ្លូវសាធារណៈសម្រាប់អ្នកថ្មើរជើងជានិច្ច។ 
ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលដៅសំខាន់បង្កលក្ខណៈដល់បងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងដើម្បីសោភណភាពក្នុងមូលដ្ឋានខណ្ឌដូនពេញឱ្យបានល្អប្រសើរទ្វេដង។
ជាក់ស្ដែង វិថីថ្មើរជើងនៅថ្ងៃចុងសប្ដាហ៍ត្រូវបានមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាមានការយោគយល់ និងចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសណ្ដាប់ធ្នាប់ល្អប្រសើរនៃទីក្រុងរបស់យើង។

