ខេត្តមណ្ឌលគិរី ជាទឹកដីពោរពេញដោយសក្ដានុពលកសិកម្ម និងទេសចរណ៍ដ៏សម្បូរបែប ដែលកំពុងទទួលបានការអភិវឌ្ឍជាច្រើនវិស័យ ជាពិសេសការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង ដឹកនាំដោយឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារសាងសង់សម្រេចបាន ១០០% នៃគម្រោងអភិវឌ្ឍន៍ផ្លូវជនបទចំនួន ២ ខ្សែ ក្នុងផែនការឆ្នាំ២០២៥។

គណៈកម្មការអន្តរក្រសួង រួមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋាន បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាគុណភាពសំណង់ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្ត។

សមិទ្ធផលផ្លូវគមនាគមន៍សរុបជាង ១០៥ គីឡូម៉ែត្រ នៃគម្រោងទាំងពីរ ដែលបានអនុវត្ត និងបញ្ចប់ដោយជោគជ័យ រួមមាន៖ គម្រោងជួសជុលថែទាំខួបចំនួន ១ ខ្សែ ប្រវែង ១០,៥០០ ម៉ែត្រ នៅស្រុកពេជ្រាដា និងគម្រោងជួសជុលថែទាំប្រចាំដំណាក់កាលទី២ ចំនួន ៧ ខ្សែ ប្រវែងសរុប ៩៥,២០០ ម៉ែត្រ (រួមទាំងផ្លូវក្រាលកៅស៊ូ DBST និងផ្លូវក្រាលល្បាយថ្មភ្នំ) ដែលគ្របដណ្តប់ក្រុងសែនមនោរម្យ ស្រុកកែវសីមា និងស្រុកកោះញែក។

ឯកឧត្តម ជី ស៊ីថា បានមានប្រសាសន៍ថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «ផ្លូវថ្នល់ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសជាតិ។ តាមរយៈផ្លូវល្អ នឹងបង្កលក្ខណៈងាយស្រួលបំផុតដល់បងប្អូនប្រជាកសិករ ក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានទាន់ពេលវេលា និងកាត់បន្ថយថ្លៃដើមប្រតិបត្តិការ។ នេះជាយន្តការផ្ទាល់ក្នុងការលើកស្ទួយជីវភាព និងទាញកំណើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរឹងមាំ»។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាការពារសមិទ្ធផល ដែលកើតចេញពីសន្តិភាព និងស្ថិរភាពសង្គមនេះ ឱ្យបានគង់វង្សយូរអង្វែង ដើម្បីធានាថា ផ្លូវទាំងនេះអាចបម្រើផលប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។ លើសពីនេះ ឯកឧត្តមបានក្រើនរំលឹកជាថ្មីដល់អ្នកប្រើប្រាស់ផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ជានិច្ច ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ។ នេះគឺជាសក្ខីភាពដ៏រស់រវើកនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងពង្រឹងគុណភាពជីវិតរបស់ប្រជាជននៅតាមជនបទ ឱ្យទទួលបានភាពរីកចម្រើនស្មើភាពគ្នា។
