ឱកាសមាស! អតីតពលករខ្មែរជាង ២ពាន់នាក់នៅបាត់ដំបង ស្រវ៉ាបានការងារ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈពីក្រសួង

ឱកាសមាស! អតីតពលករខ្មែរជាង ២ពាន់នាក់នៅបាត់ដំបង ស្រវ៉ាបានការងារ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈពីក្រសួង

រាជធានីភ្នំពេញ ៖ អតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ប្រមាណជាង ២,១៩៤ នាក់ ក្នុងនោះ ៤៤៤ នាក់ ត្រូវបានសម្ភាសជាប់ការងារបឋមភ្លាមៗ ពីពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅស្រុកថ្មគោល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ពិព័រណ៍ដ៏ធំនេះ ត្រូវបានរៀបចំឡើងដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង វិស័យឯកជន សមាគមមិត្តយើង អ្នកផ្ដល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធជាច្រើនទៀត ដើម្បីផ្ដល់ឱកាសការងារ ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ជូនដល់អតីតពលករ។

លោក ស៊ុន មេសា បានសង្កត់ធ្ងន់ថា សម្រាប់អតីតពលករដែលមិនទាន់ទទួលបានការងារភ្លាមៗក្នុងពិព័រណ៍នេះ មន្ត្រីនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) របស់ក្រសួង នឹងបន្តទាក់ទង និងភ្ជាប់ទំនាក់ទំនងជាមួយសហគ្រាស ក្រុមហ៊ុន រោងចក្រនានា ដើម្បីស្វែងរកឱកាសការងារបន្ថែមទៀតជូនពួកគាត់។

ក្រសួងការងារ ក៏បានបញ្ជាក់ផងដែរថា សម្រាប់ខែវិច្ឆិកានេះ ក្រសួងបានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសរុបចំនួន ៣ ខេត្ត រួមមាន៖ ខេត្តបាត់ដំបង (ថ្ងៃទី១៥-១៦) ខេត្តបន្ទាយមានជ័យ (ថ្ងៃទី២២-២៣) ក្នុងស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី និងខេត្តសៀមរាប (ថ្ងៃទី២៩-៣០) ក្នុងស្រុកសូត្រនិគម និងស្រុកពួក។ គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ គឺជាលើកទី៥៧៤ ហើយដែលក្រសួងបានរៀបចំពិព័រណ៍បែបនេះ។

ជាចុងក្រោយ អ្នកនាំពាក្យក្រសួង ក៏បានអំពាវនាវដល់បងប្អូនអតីតពលករដែលខកខានមិនបានចូលរួមពិព័រណ៍ ឱ្យទាក់ទងមកកាន់ប្រព័ន្ធទូរស័ព្ទ Hotline លេខ “១២៩៧” ដើម្បីទទួលបានឱកាសការងារ និងចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ ដែលអាចទាក់ទងបាន ៧ ថ្ងៃក្នុងមួយសប្ដាហ៍។

administrator

Related Articles