ក្រុមឧក្រិដ្ឋជនហ៊ានបំបែកគុក! រំដោះជនជាប់ចោទ៦នាក់ចេញពីតុលាការស្វាយរៀងទាំងព្រឹកព្រលឹម គេចខ្លួនបាត់ស្រមោល

ក្រុមឧក្រិដ្ឋជនហ៊ានបំបែកគុក! រំដោះជនជាប់ចោទ៦នាក់ចេញពីតុលាការស្វាយរៀងទាំងព្រឹកព្រលឹម គេចខ្លួនបាត់ស្រមោល

Image Related to News
ខេត្តស្វាយរៀង៖ ហេតុការណ៍ដ៏រន្ធត់ និងហ៊ានបំបែកច្បាប់មួយបានកើតឡើងកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឯតុលាការខេត្តស្វាយរៀង ខណៈក្រុមឧក្រិដ្ឋជនមួយក្រុមបានសម្រុកចូលធ្វើសកម្មភាពរំដោះជនជាប់ចោទជាជនជាតិចិនចំនួន ៦នាក់ ចេញពីការឃុំឃាំងដោយសុវត្ថិភាពទាំងព្រឹកព្រលឹម ហើយបានគេចខ្លួនបាត់ស្រមោល ខណៈសមត្ថកិច្ចខេត្តកំពុងដាក់បម្រាម និងតាមប្រមាញ់យ៉ាងសស្រាក់សស្រាំ។

Image Related to News

យោងតាមសេចក្ដីរាយការណ៍ព័ត៌មានបឋមពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀង បានឱ្យដឹងថា ក្រុមជនជាប់ចោទទាំង ៦នាក់ ដែលត្រូវបានរំដោះចេញនោះ មានដៃជាប់ខ្នោះនៅឡើយ ហើយបានប្រើប្រាស់មធ្យោបាយជារថយន្ដមួយគ្រឿងម៉ាកមិនស្គាល់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CA-0592 ក្នុងការរត់គេចខ្លួន។ ប្រភពដដែលបន្តថា ក្រុមឧក្រិដ្ឋជនបានធ្វើសកម្មភាពយ៉ាងរហ័ស នៅពេលដែលសមត្ថកិច្ចកំពុងនាំខ្លួនជនជាប់ចោទទាំងនោះចូលទៅសាលាដំបូងខេត្ត ដើម្បីធ្វើការកាត់ទោសតាមនីតិវិធីច្បាប់។

Image Related to News

ជុំវិញករណីដ៏កក្រើកនេះ លោកឧត្ដមសេនីយ៍ត្រី ពេជ្រ វិរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅមិនទាន់អាចអធិប្បាយ ឬបញ្ជាក់លម្អិតនៅឡើយទេចំពោះព័ត៌មាននេះ ខណៈដែលកម្លាំងសមត្ថកិច្ចគ្រប់ជំនាញកំពុងបើកប្រតិបត្តិការស្រាវជ្រាវ និងតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជន រួមទាំងអ្នកទោសដែលរត់គេចខ្លួន មកផ្ដន្ទាទោសតាមច្បាប់ជាបន្ទាន់។ អត្ថបទដោយ៖ យឹម សុថាន

administrator

Related Articles