មន្ទីរប្រឆាំងគ្រឿងញៀនបដិសេធដាច់អហង្ការព័ត៌មានបំភ្លៃពី TikTok «បក្សីចាំក្រុង» ជុំវិញករណីបង្ក្រាបពេជ្រលើមេឃ

មន្ទីរប្រឆាំងគ្រឿងញៀនបដិសេធដាច់អហង្ការព័ត៌មានបំភ្លៃពី TikTok «បក្សីចាំក្រុង» ជុំវិញករណីបង្ក្រាបពេជ្រលើមេឃ

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការមួយ ដោយច្រានចោលយ៉ាងដាច់អហង្ការចំពោះការផ្សាយព័ត៌មានមិនពិត បំភ្លៃការពិត និងគ្មានមូលដ្ឋានច្បាស់លាស់របស់គណនី TikTok អនាមិកមួយឈ្មោះ «បក្សីចាំក្រុង»។ ការផ្សាយនេះ បានបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចជាកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនទាំងមូល ជុំវិញករណីបង្ក្រាបបទល្មើសគ្រឿងញៀនដ៏ធំមួយនៅទីតាំងខារ៉ាអូខេ «ពេជ្រលើមេឃ» (DIAMOND SKY ENTERTAINMENT) កាលពីពេលថ្មីៗនេះ។

គណនី TikTok «បក្សីចាំក្រុង» កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានចោទប្រកាន់ដោយគ្មានភស្តុតាងថា «ជនជាតិចិនជាង ២០០នាក់ ដែលត្រូវបានចាប់ខ្លួន ត្រូវបានដោះលែងដោយលោក យឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ក្នុងថ្នូរលុយម្នាក់ ៣០,០០០ ដុល្លារ និងថែមទាំងបានចំណាយលុយ ១លានដុល្លារ ដើម្បីបើកក្លឹបឱ្យដំណើរការជាធម្មតាវិញ»។ គណនីអនាមិកនេះថែមទាំងបានលើកឡើងថា «បើរដ្ឋាភិបាលបណ្ដោយឱ្យមានមន្ត្រីពុករលួយបែបនេះ ប្រជាពលរដ្ឋនឹងរស់នៅយ៉ាងដូចម្ដេច?»។

ជាការឆ្លើយតប មន្ទីរប្រឆាំងគ្រឿងញៀនបានប្រកាសច្រានចោលនូវរាល់ការចោទប្រកាន់ទាំងអស់នេះ ដោយចាត់ទុកថាជាព័ត៌មានគ្មានមូលដ្ឋាន ញុះញង់ និងបំភ្លៃការពិត ដែលមានបំណងបង្អាប់កិត្តិយស និងបំផ្លាញការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ ដែលបានលះបង់ទាំងយប់ទាំងថ្ងៃ ដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជុំវិញប្រតិបត្តិការបង្ក្រាបនៅខារ៉ាអូខេពេជ្រលើមេឃ មន្ទីរប្រឆាំងគ្រឿងញៀនក៏បានជម្រាបជូនសាធារណជនឱ្យបានជ្រាបពីការពិតផងដែរ។ កាលពីវេលាម៉ោង ០០:៣០ នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានគោលការណ៍ដឹកនាំពីថ្នាក់លើ និងសម្របសម្រួលដោយព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួមសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅទីតាំងខារ៉ាអូខេពេជ្រលើមេឃ ស្ថិតនៅលើផ្លូវតិរវិធីឆ្នេរទន្លេ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លទ្ធផលនៃប្រតិបត្តិការនេះ បានឃាត់ខ្លួនមនុស្សសរុបចំនួន ២៥៧នាក់ (ស្រី ១០៧នាក់)។ ក្នុងចំណោមនោះ មានជនជាតិខ្មែរ ៦២នាក់ (ស្រី ២២នាក់) និងជនបរទេស ១៩៥នាក់ (ស្រី ៨៥នាក់)។ វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ៦គីឡូក្រាម ៩១.៨៧ក្រាម ក៏ត្រូវបានចាប់យកផងដែរ។ តាមរយៈការស៊ើបអង្កេត ការស្ដាប់ចម្លើយ និងការធ្វើតេស្តទឹកនោម មន្ត្រីជំនាញបានរកឃើញអ្នកពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនចំនួន ៣៥នាក់ (ស្រី ២០នាក់) រួមមាន ជនជាតិវៀតណាម ៦នាក់ (ស្រី ៥នាក់), ចិន ២៤នាក់ (ស្រី ១៤នាក់), ជប៉ុន ១នាក់ (ស្រី) និងកូរ៉េ ៤នាក់ (ប្រុស)។ ក្នុងចំណោមអ្នកទាំងនេះ ៣៤នាក់ (ស្រី ២០នាក់) ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា រីឯជនជាតិកូរ៉េ សញ្ជាតិខ្មែរ ១នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន។

ស្ថិតក្នុងរង្វង់ប្រតិបត្តិការនេះដែរ អ្នកដែលពុំពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនមានចំនួន ២១១នាក់ (ស្រី ៧៩នាក់) ក្នុងនោះជនជាតិខ្មែរ ៦២នាក់ និងជនបរទេស ១៤៩នាក់ ត្រូវបានធ្វើការអប់រំ និងអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញ។ ចំពោះអ្នកពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀនចំនួន ១១នាក់ (ស្រី ៥នាក់) ដែលជាជនជាតិចិន រួមជាមួយវត្ថុតាងគ្រឿងញៀន ត្រូវបានមន្ទីរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។ ការបកស្រាយនេះបញ្ជាក់យ៉ាងច្បាស់ពីតម្លាភាព និងការអនុវត្តច្បាប់ដោយត្រឹមត្រូវរបស់កម្លាំងសមត្ថកិច្ច។

administrator

Related Articles