បង្ក្រាបធំ! ជនជាតិវៀតណាម៣០នាក់ ត្រូវចាប់ខ្លួននៅបាវិត ពាក់ព័ន្ធឆបោកអនឡាញទ្រង់ទ្រាយធំ!

បង្ក្រាបធំ! ជនជាតិវៀតណាម៣០នាក់ ត្រូវចាប់ខ្លួននៅបាវិត ពាក់ព័ន្ធឆបោកអនឡាញទ្រង់ទ្រាយធំ!

នៅ​ខេត្តស្វាយរៀង កម្លាំង​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​ដ៏​ក្ដៅ​គគុក​មួយ ដោយ​ចុះ​បង្ក្រាប​ទីតាំង​សង្ស័យ​ចំនួន​២​កន្លែង​នៅ​ក្រុង​បាវិត និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៣០​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អនឡាញ (Online Scam)។ ទីតាំង​ដែល​ត្រូវ​បាន​ឆែកឆេរ​រួម​មាន ផ្ទះល្វែង​លេខ F23 ក្នុង​បុរី លី ចូ​វ និង​កាស៊ីណូ​ហេង​ៗ២ ស្ថិត​ក្នុង​សង្កាត់​បាវិត ក្រុង​បាវិត។ ការ​ចុះ​បង្ក្រាប​នេះ គឺ​ធ្វើ​ឡើង​ក្រោម​ការ​សង្ស័យ​ថា មានការ​លួចលាក់​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​យ៉ាង​គគ្រឹកគគ្រេង។

ក្នុង​ប្រតិបត្តិការ​ដ៏​សស្រាក់សស្រាំ​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​ជា​ច្រើន​សន្ធឹកសន្ធាប់ រួម​មាន កុំព្យូទ័រ​លើ​តុ (All in one) ចំនួន ១១៥​គ្រឿង, កុំព្យូទ័រ​យួរដៃ​ចំនួន ២​គ្រឿង, ធុង​PC ចំនួន ១០​គ្រឿង, ទូរសព្ទ​ចំនួន ៧​គ្រឿង, Monitor ចំនួន ១៥​គ្រឿង, ទូ​ទូរសព្ទ (Call Center) ចំនួន ១៦​ទូ និង​លិខិតឆ្លងដែន​ចំនួន ៦​ក្បាល ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ត្រូវ​បាន​ដឹកនាំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោម​ការ​សម្របសម្រួល​ពី​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (គ.ប.ឆ.ប.)។ ក៏​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ គណៈ​បញ្ជាការ​ឯកភាព​ខេត្តស្វាយរៀង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ដែល​បាន​ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​សង្ស័យ​ទាំងពីរ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ឆបោក​ខាងលើ​នេះ។

ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ៣០​នាក់ មាន ២១​នាក់​ជា​មុខសញ្ញា​ចាស់ ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ឆបោក​តាម​រយៈ​រូបភាព​បោកបញ្ឆោត​ជន​រង​គ្រោះ​ឲ្យ​ដាក់​ទុន​វិនិយោគ​លើ​គម្រោង​ក្លែងក្លាយ និង​លួងលោម​ឲ្យ​ដំឡើង​កម្មវិធី​ផ្សេងៗ ដើម្បី​ចូល​គ្រប់គ្រង​ព័ត៌មាន​អត្តសញ្ញាណ និង​គណនី​ធនាគារ​របស់​ជន​រង​គ្រោះ។ ក្រោយ​ការ​បង្ក្រាប​ដ៏​ជោគជ័យ​នេះ សមត្ថកិច្ច​ជំនាញ​កំពុង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​បន្ត​ស្រាវជ្រាវ​ឲ្យ​ស៊ីជម្រៅ​បន្ថែម​ទៀត ឈាន​ទៅ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​មេខ្លោង​ធំៗ​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​ទីតាំង​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន។

ជា​ការ​បញ្ជាក់​បន្ថែម ក្នុង​ក្របខណ្ឌ​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ សមត្ថកិច្ច​ចម្រុះ​ទូ​ទាំង​ប្រទេស​នឹង​បន្ត​ចាត់វិធានការ​តាម​ផ្លូវច្បាប់​យ៉ាង​ម៉ឺងម៉ាត់ និង​តឹងរ៉ឹង​បំផុត​ចំពោះ​មេខ្លោង​ទាំងឡាយណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ដោយ​ពុំ​មានការ​លើកលែង​ឡើយ ដើម្បី​ធានា​នូវ​សន្តិសុខ​សង្គម និង​ការពារ​ប្រជាពលរដ្ឋ​ពី​ក្រុម​ទុច្ចរិត។

administrator

Related Articles