ខេត្តស្វាយរៀង ៖ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលខេត្តស្វាយរៀង ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កម្លាំងអនុរក្សពន្ធនាគារខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះប្រតិបត្តិការបង្ក្រាបករណីរំដោះជនជាប់ឃុំ។

ក្នុងប្រតិបត្តិការដ៏ក្តៅគគុកនេះ ជនជាប់ឃុំជនជាតិវៀតណាមចំនួន ០៦នាក់ (ប្រុស ៥នាក់ ខ្មែរ ០១នាក់) ដែលត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ពីបទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ព្រមទាំងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ត្រូវបានកម្លាំងចម្រុះតាមប្រមាញ់យ៉ាងយកចិត្តទុកដាក់។

ជាលទ្ធផល កម្លាំងចម្រុះបានស្រាវជ្រាវយ៉ាងឆាប់រហ័ស និងបានឃាត់ខ្លួនជនជាប់ឃុំទាំង ០៦នាក់នោះវិញ រួមជាមួយនឹងស្ត្រីម្នាក់ដែលជាអ្នករៀបចំគម្រោងរំដោះ សរុបចំនួន ០៧នាក់ (ស្រី ០១នាក់)។ កិច្ចប្រតិបត្តិការនេះបានប្រព្រឹត្តទៅដោយរលូន ប្រកបដោយកិច្ចសហការល្អប្រសើរ លឿនរហ័ស និងទទួលបានជោគជ័យទាំងស្រុង ក្នុងការធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្ត។


