គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ លែងត្រីកម្រចូលទន្លេ រួមចំណែកការពារប្រព័ន្ធអេកូឡូស៊ី! 🐠

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ លែងត្រីកម្រចូលទន្លេ រួមចំណែកការពារប្រព័ន្ធអេកូឡូស៊ី! 🐠

រាជធានីភ្នំពេញ៖ គម្រោង «អច្ឆរិយភាពនៃទន្លេមេគង្គ» ដែលបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផលកម្ពុជា បានបង្ហាញលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់ ក្រោយយុទ្ធនាការចុះផ្សព្វផ្សាយនៅតាមមូលដ្ឋាន។ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារបានចូលរួមបំពាក់ស្លាកសញ្ញា និងលែងត្រីគល់រាំងចំនួន ២ក្បាល ដែលមានទម្ងន់រហូតដល់ ១២ ទៅ ១៦គីឡូក្រាមក្នុងមួយក្បាល ព្រមទាំងត្រីត្រសក់ដ៏ធំមួយក្បាលទម្ងន់ ២គីឡូក្រាម ចូលទៅក្នុងទន្លេសាប និងទន្លេមេគង្គវិញ ប្រកបដោយសុវត្ថិភាព។ នេះជាការឆ្លើយតបយ៉ាងល្អពីប្រជានេសាទ និងម្ចាស់ដាយត្រី។

ក្នុងឱកាសនោះ ក្រុមការងារក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ឧបករណ៍នេសាទ «ដាយត្រី ២ដេ» ព្រមទាំងបងប្អូនកម្មករនេសាទទាំងអស់ ដែលបានសហការ និងទំនាក់ទំនងមកកាន់រដ្ឋបាលជលផល ដើម្បីជួយសង្គ្រោះ និងលែងត្រីទឹកសាបដ៏កម្រដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជទាំងនេះ ឱ្យវិលត្រឡប់ទៅកាន់ទីជម្រកដើមរបស់ពួកវាវិញដោយសុវត្ថិភាព។

ការពារធនធានជលផល ក៏ដូចជាប្រភេទត្រីកម្រដូចជា ត្រីរាជ ត្រីគល់រាំង ត្រីបបែលយក្ស ត្រីត្រសក់ ត្រីប៉ាសាណាក គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ ការយកចិត្តទុកដាក់ការពារត្រីកម្រនាពេលបច្ចុប្បន្ននេះ គឺស្មើនឹងការការពារប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គទាំងមូល សម្រាប់ភាពគង់វង្សនៃធនធានធម្មជាតិ និងសម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។ សូមរួមគ្នាថែរក្សា! ដោយ​៖តារា​

administrator

Related Articles