រឿងក្តៅ! ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីកត់ឆ្នោតវៀតណាមខុសច្បាប់នៅក្រុងអរិយក្សត្រ

រឿងក្តៅ! ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីកត់ឆ្នោតវៀតណាមខុសច្បាប់នៅក្រុងអរិយក្សត្រ

ក្រុងអរិយក្សត្រ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលក្រុងអរិយក្សត្រ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ដែលជាភ្នាក់ងារចាត់ចែងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម)។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង ១៥ និង៣០នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

រូបភាពពាក់ព័ន្ធ

សមត្ថកិច្ចបានបញ្ជាក់អត្តសញ្ញាណស្ត្រីរូបនោះថាមានឈ្មោះ ទី ឈូករី អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុផ្ទាល់តែម្ដង។ ក្នុងប្រតិបត្តិការនេះ វត្ថុតាងមួយចំនួនក៏ត្រូវបានដកហូតផងដែរ រួមមាន៖ ទូរសព្ទ័ដៃចំនួន ០១គ្រឿង, ក្រដាសA4 កាត់រួច មិនទាន់កត់លេខចំនួន ០៥សន្លឹក និងប៊ិកចំនួន ០១ដើម។

រូបភាពពាក់ព័ន្ធ

ប្រភពដដែលបានបន្តថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាមៗ កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងបានចុះទៅដល់ទីតាំងកត់ឆ្នោតខាងលើ ហើយក៏បានប្រទះឃើញអ្នកកត់ឆ្នោតកំពុងអង្គុយកត់នៅក្នុងផ្ទះរបស់ខ្លួនតែម្ដង។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចក៏បានចូលទៅឃាត់ខ្លួន និងដកហូតវត្ថុតាង ហើយបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ។

រូបភាពពាក់ព័ន្ធ

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាជនសង្ស័យបានសារភាពត្រង់ៗថា ខ្លួនពិតជាបានកត់ឆ្នោតវៀតណាមនេះ អស់រយៈពេលជាង ១ខែមកហើយ។ ក្នុងមួយថ្ងៃ នាងអាចកត់ឆ្នោតបានប្រាក់ពី ២០ ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ដោយគិតទឹកគឺក្នុង ១ម៉ឺនរៀល បានទឹក ១ពាន់រៀល។ រៀងរាល់ព្រឹក នាងតែងតែប្រមូលប្រាក់យកទៅឱ្យមេម្នាក់ (ដែលនាងមិនស្គាល់អត្តសញ្ញាណ) ដោយផ្ញើតាមធនាគារជារៀងរាល់ថ្ងៃ។

រូបភាពពាក់ព័ន្ធ

បច្ចុប្បន្ន ស្ត្រីជាជនសង្ស័យរូបនេះ កំពុងត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ជាមួយនឹងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

រូបភាពពាក់ព័ន្ធ
រូបភាពពាក់ព័ន្ធ

administrator

Related Articles