ភ្នំពេញ៖ ក្រសួងព័ត៌មានបានប្រកាសលុបចោលជាស្ថាពរនូវបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានរបស់លោក ខាន់ សារ័ត្ន បន្ទាប់ពីបុគ្គលរូបនេះបានបង្ហោះវីដេអូភ្ជាប់ជាមួយការអត្ថាធិប្បាយពាក្យពេចន៍មិនសមរម្យទៅលើរូបរាងកាយស្ត្រី និងថែមទាំងបានយកដៃទៅអង្អែលថ្ពាល់ជនសង្ស័យជាស្ត្រីម្នាក់។
ហេតុការណ៍នេះបានកើតឡើងខណៈកម្លាំងសមត្ថកិច្ចកំពុងចុះប្រតិបត្តិការបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាមចេញពីសាលាដំបូងខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកាកន្លងទៅ។

ក្រសួងព័ត៌មានក៏បានបញ្ជាក់ដែរថា លោក ខាន់ សារ័ត្ន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីខ្មៅ ហាមឃាត់មិនឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចាប់ពីពេលនេះតទៅ។ មិនតែប៉ុណ្ណោះ នៅព្រឹកនេះ មន្ត្រីជំនាញក្រសួងព័ត៌មាននឹងកោះហៅបុគ្គលរូបនេះមកណែនាំ និងអនុវត្តវិធានការផ្លូវច្បាប់ជាធរមានផងដែរ។
គួររំលឹកផងដែរថា អ្នកសារព័ត៌មានមួយចំនួនតូចពិតជាមានកង្វះខាតការបណ្ដុះបណ្ដាលផ្នែកវិជ្ជាជីវៈ និងចំណេះដឹងនៅមានកម្រិត ដែលនាំឱ្យពួកគេបំពេញការងារប្រាសចាកក្រមសីលធម៌ និងវិជ្ជាជីវៈ ដោយពុំបានគិតដល់សិទ្ធិបុគ្គល សេចក្តីថ្លៃថ្នូរខ្លួនឯង និងអ្នកដទៃ។
ទោះជាយ៉ាងណា ចំពោះករណីខាងលើ បើពិនិត្យតាមរូបភាព ទោះជាអ្នកកាសែតបានប្រព្រឹត្តខុសក៏ពិតមែន ប៉ុន្តែគេក៏ត្រូវពិនិត្យទៅលើការអនុវត្តនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងការប្រតិបត្តិការបង្ក្រាបជនសង្ស័យផងដែរ។ ហេតុអ្វីបានជាបណ្ដោយឱ្យអ្នកសារព័ត៌មានចូលក្នុងរង្វង់ប្រតិបត្តិការរបស់ខ្លួន? នេះជាចំណុចមួយដែលអង្គភាពសមត្ថកិច្ចគួរពិចារណាឱ្យបានហ្មត់ចត់ ចំពោះតួនាទី និងភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការបើកប្រតិបត្តិការ និងការរក្សាការសម្ងាត់ ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងស្រាវជ្រាវរកបុគ្គលដទៃផ្សេងទៀតដែលពាក់ព័ន្ធ។ ការធ្វើបែបនេះគឺដើម្បីជៀសវាងការបែកធ្លាយព័ត៌មានឈានដល់ជនសង្ស័យបានដឹងជាមុន ដោយសារតែអ្នកសារព័ត៌មានខ្លះមិនបានគោរពតាមវិជ្ជាជីវៈត្រឹមត្រូវ។
ដោយ៖ សិលា
