បន្ទាប់ពីរញ្ជួយដីកើតឡើងនៅក្បែរនោះ មន្ត្រី និងក្រុមអ្នកជំនាញរបស់ថៃ បានប្រញាប់ប្រញាល់ចុះទៅពិនិត្យទំនប់ Bhumibol ក្នុងខេត្ត Tak ជាបន្ទាន់ ដើម្បីវាយតម្លៃពីផលប៉ះពាល់។ ក្រោយការពិនិត្យយ៉ាងល្អិតល្អន់ ពួកគេបានធានាដល់ប្រជាពលរដ្ឋកុំឲ្យមានការភ័យខ្លាច ដោយបញ្ជាក់ថារញ្ជួយដីនេះមិនបង្កផលប៉ះពាល់អ្វីដល់ទំនប់នោះឡើយ។
យោងតាមការចុះផ្សាយរបស់កាសែត Pattaya Mail រញ្ជួយដីកម្រិត ៣.២ រ៉ិចទ័រ ដែលមានជម្រៅរាក់ត្រឹម ១ គីឡូម៉ែត្រ បានវាយប្រហារឃុំ Ban Na ស្រុក Sam Ngao។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះ ស្ថិតនៅចម្ងាយប្រមាណ ៤៨.៨១ គីឡូម៉ែត្រពីទំនប់ Bhumibol ។ 
ហេតុការណ៍រញ្ជួយដីនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងថាទំនប់អាចនឹងបាក់ធ្លាយ ពីព្រោះទីតាំងរញ្ជួយដីនៅជិត ហើយម្យ៉ាងទៀត ទំនប់នេះកំពុងប្រឈមហានិភ័យដោយសារតែកម្រិតទឹកជិតដល់ចំណុចពេញសមត្ថភាពទៅហើយ។
ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់ និងក្រុមអ្នកជំនាញថៃ បានអះអាងសារជាថ្មីថា ក្រោយការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ រញ្ជួយដីនេះពិតជាមិនបានធ្វើឲ្យទំនប់ Bhumibol រងផលប៉ះពាល់ឡើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងកុំមានការព្រួយបារម្ភ។
សូមជម្រាបថា ទំនប់ Bhumibol ត្រូវបានគេដឹងថាមានសមត្ថភាពផ្ទុកទឹកបានរហូតដល់ ១៣,៤៦២ លានម៉ែត្រគូប។ ប៉ុន្តែគិតត្រឹមពាក់កណ្តាលខែវិច្ឆិកានេះ កម្រិតទឹកនៅក្នុងទំនប់បានឡើងដល់ ៩៩% នៃសមត្ថភាពផ្ទុកសរុប ដែលបណ្ដាលមកពីឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ឥតឈប់ឈរក្នុងរដូវមូសុង។
