
ភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រនៅភាគខាងត្បូងប្រទេសថៃ បានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់១៤នាក់ នៅមន្ទីរពេទ្យ Hat Yai ក្នុងខេត្ត Songkhla ក្នុងរយៈពេលត្រឹមតែ៤ថ្ងៃ។
តាមការរាយការណ៍ពីសារព័ត៌មាន Amarin មនុស្សស្លាប់ទាំង១៤នាក់នេះ ភាគច្រើនពាក់ព័ន្ធនឹងការដាច់ចរន្តអគ្គិសនីក្នុងមន្ទីរពេទ្យ ក្នុងអំឡុងពេលទឹកជំនន់វាយប្រហារឈានដល់កម្រិតកំពូលនៅថ្ងៃទី២២-២៥ខែវិច្ឆិកា។
មន្ទីរពេទ្យបានបដិសេធពាក្យចចាមអារ៉ាមដែលថាមានមនុស្សស្លាប់ដល់ទៅ១០០នាក់ ដោយបញ្ជាក់ថាសាកសពត្រូវរក្សាទុកក្នុងសាលតម្កល់ត្រឹមត្រូវ។
លោកស្រី Kewalin Wangpichayasuk អនុប្រធានគ្រប់គ្រងនៅ KResearch បានបញ្ជាក់ថា ទឹកជំនន់ធ្ងន់ធ្ងរនេះបានប៉ះពាល់ដល់ពលរដ្ឋប្រមាណ៨០០,០០០គ្រួសារ និងដីប្រមាណ៦៤០គីឡូម៉ែត្រការ៉េ។

តាមការប៉ាន់ស្មានរបស់ KResearch ទឹកជំនន់នេះអាចនឹងធ្វើឲ្យសេដ្ឋកិច្ចខាតបង់មិនតិចជាង២៥ពាន់លានបាត ឬ ០.១៣% នៃ GDP របស់ប្រទេសថៃ ក្នុងរយៈពេលត្រឹមតែមួយខែ។
ទឹកជំនន់កើតឡើងចំពេលរដូវកាលទេសចរណ៍កំពូលរបស់ថៃ និងការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកីឡា SEA Games ដែលខេត្ត Songkhla ក៏ត្រូវបានកំណត់ជាទីតាំងប្រកួតផងដែរ។
