ខេត្តបាត់ដំបង៖ នគរបាលខេត្តបាត់ដំបងបានឃាត់រថយន្ត១គ្រឿង និងមនុស្សប្រុសស្រីចំនួន៧នាក់ ដែលសង្ស័យនាំឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ។ ឧប្បត្តិហេតុនេះកើតឡើងនៅចំណុចលើដងផ្លូវជាតិលេខ៥៩A ក្នុងភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកវរសេនីយ៍ទោទឹម វិឆ័យ អធិការនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា បានបង្ក្រាបករណីនាំឆ្លងដែនខុសច្បាប់។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១. អុឹម សុវណ្ណ (ប្រុស អាយុ៤២ឆ្នាំ) ជាតៃកុងឡាន ត្រូវបានឃាត់ខ្លួន
២. សៀក (ប្រុស អាយុប្រហែល៣៣ឆ្នាំ) រស់នៅថៃ មិនទាន់ត្រូវឃាត់ខ្លួន
ពលករចំនួន៧នាក់ដែលត្រូវនាំឆ្លងដែនមានទីលំនៅពីខេត្តផ្សេងៗគ្នា រួមមានខេត្តឧត្តមានជ័យ សៀមរាប ត្បូងឃ្មុំ និងត្រូវបង់ប្រាក់ថ្លៃជូនម្នាក់៨,០០០បាត។

ក្នុងប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់ និងពលករ៧នាក់ ដកហូតរថយន្តម៉ាកកាំម៉ារីឆ្លាមពណ៌ប្រផេះ១គ្រឿង នាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន។
