ភ្នំពេញ៖ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បាននាំសមាជិកនាំយកអង្ករវីតាមីនចំនួន៣០០កេស និងថវិកាទៅប្រគល់ជូនមន្ទីរពេទ្យព្រះកេតុមាលាកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងពិធីប្រគល់នេះ ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករងអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យព្រះកេតុមាលា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពមនុស្សធម៌នេះ។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានកោតសរសើរការខិតខំបំពេញការងាររបស់ក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ ដែលតែងតែថែទាំព្យាបាលអ្នកជំងឺដោយគ្មានការប្រកាន់ពេលវេលា។

សកម្មភាពនេះគឺជាផ្នែកមួយនៃការចូលរួមចំណែកក្នុងការកាត់បន្ថយការលំបាករបស់អ្នកជំងឺ ជាពិសេសកងទ័ព និងស្ត្រីមានផ្ទៃពោះដែលមកទទួលសេវាព្យាបាលជំងឺ។

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តែងតែធ្វើសកម្មភាពមនុស្សធម៌ជាច្រើននៅតាមមន្ទីរពេទ្យ មណ្ឌលកុមារកំព្រា និងគោលដៅផ្សេងៗទៀត។

អង្ករវីតាមីនទាំងនេះនឹងត្រូវបានចែកជូនដល់អ្នកជំងឺ ជាពិសេសស្ត្រីមានផ្ទៃពោះ ដើម្បីជួយបំប៉នសុខភាពរបស់ពួកគាត់ក្នុងពេលសម្រាកព្យាបាលជំងឺ។

សកម្មភាពដ៏ថ្លៃថ្លានេះបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋ ដែលជាកត្តាសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ។

ការផ្តល់ជូននេះ ទោះជាមិនអាចឆ្លើយតបទៅនឹងតម្រូវការទាំងអស់នៃអ្នកជំងឺក៏ដោយ ក៏អាចជួយសម្រួលកង្វះខាតរបស់ប្រជាពលរដ្ឋក្នុងពេលសម្រាកព្យាបាលជំងឺផងដែរ។

សកម្មភាពមនុស្សធម៌បែបនេះគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយទ្រទ្រង់និរន្តរភាពនៃប្រតិបត្តិការមនុស្សធម៌នៅកម្ពុជា។

ដោយ៖ សិលា
