ទីក្រុងហ្សាកាតា៖ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាតំណាងកម្ពុជាក្នុងនាមជាប្រធានគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ាន (ASEAN-COCI) លើកទី៥៩ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ាន លើកទី៦០ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

នាឱកាសនោះ លោក ប្រាក់ ថាវអមិដា បានបង្ហាញអំពីលទ្ធផលការងាររបស់អនុគណៈកម្មាធិការវប្បធម៌ (SCC) ដែលតំណាងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអនុគណៈកម្មាធិការព័ត៌មាន (SCI) ដែលតំណាងដោយក្រសួងព័ត៌មាន។

ក្នុងវិស័យព័ត៌មាន SCI សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់លើគម្រោងអភិបាលកិច្ចឌីជីថល អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ខណៈដែលវិស័យវប្បធម៌ SCC សម្រេចបានលទ្ធផលលើគម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ ពង្រីកឱកាសសេដ្ឋកិច្ចច្នៃប្រឌិត និងលើកកម្ពស់អត្តសញ្ញាណតំបន់។

នៅក្នុងកិច្ចប្រជុំនោះ លោកក៏បានគូសបញ្ជាក់អំពីបេសកកម្មដែលកម្ពុជាបានបំពេញក្នុងអណត្តិរបស់ខ្លួនក្នុងនាមជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ASEAN-COCI លើកទី៥៩ ដើម្បីធានាបាននូវការលើកកម្ពស់តួនាទីនៃវប្បធម៌ និងព័ត៌មានក្នុងការពង្រឹងសាមគ្គីភាពអាស៊ានក្នុងយុគសម័យឌីជីថល។
បន្ថែមពីនេះ លោកអនុរដ្ឋលេខាធិការ ក៏មិនភ្លេចថ្លែងអំណរគុណដល់ប្រទេសជាសមាជិកអាស៊ាន និងដៃគូសន្ទនាទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រីក និងគាំទ្រមូលនិធិ និងកិច្ចសហប្រតិបត្តិការតាមវិស័យផងដែរ៕
