
តាមសេចក្តីរាយការណ៍ ត្រឹមតែមន្ទីរពេទ្យ Hat Yai ក្នុងខេត្ត Songkhla មានមនុស្សស្លាប់ដល់ទៅ១៤នាក់ទៅហើយ អំឡុងពេលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់កាចសាហាវជាប្រវត្តិសាស្រ្ត។
សារព័ត៌មាន Amarin ចេញផ្សាយនៅថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ថា មនុស្សស្លាប់ទាំង១៤នាក់ គឺពាក់ព័ន្ធកត្តាផ្សេងៗក្នុងនោះរួមមានទាំងការដាច់ចរន្តអគ្គិសនីក្នុងមន្ទីរពេទ្យផងដែរ ហើយតួលេខគឺរាប់ចាប់ពីថ្ងៃទី២២-២៥ខែវិច្ឆិកា ពេលដែលទឹកជំនន់វាយប្រហារឈានដល់កម្រិតកំពូលនៅ Hat Yai។
ទន្ទឹមនោះ មន្ទីរពេទ្យបានច្រានចោលពាក្យចចាមអារ៉ាមដែលថា មានមនុស្សស្លាប់ដល់ទៅ១០០នាក់ឯណោះ ប៉ុន្តែសាកសពត្រូវរក្សាទុកក្នុងសាលតម្កល់។
លើសពីនេះ បើយោងតាមការវាយតម្លៃរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ឬហៅថា KResearch ទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ប្រទេសថៃ នៅខេត្ត Songkhla និងខេត្តភាគខាងត្បូងជាច្រើនទៀត អាចនឹងធ្វើឲ្យសេដ្ឋកិច្ចខាតបង់មិនតិចជាង២៥ពាន់លានបាតនោះទេ ក្នុងរយៈពេលត្រឹមតែមួយខែ។

លោកស្រី Kewalin Wangpichayasuk អនុប្រធានគ្រប់គ្រងនៅ KResearch និយាយថា ទឹកជំនន់ធ្ងន់ធ្ងរ ជាពិសេសក្នុងខេត្ត Songkhla ដែលមានភ្លៀងធ្លាក់ខ្លាំងជាប់តាំងពីថ្ងៃទី២១ខែវិច្ឆិកាមក បានប៉ះពាល់ដល់ពលរដ្ឋប្រមាណ៨០០ ០០០គ្រួសារ និងដីប្រមាណ ៦៤០គីឡូម៉ែត្រការ៉េ។
ផលប៉ះពាល់ក្នុងខែដំបូងត្រូវបានព្យាករថាមានចំនួន២៥ប៊ីលានបាត ឬ ០.១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ ដោយសន្មតថា ស្ថានភាពធ្ងន់ធ្ងរក្នុងរយៈពេល១០ទៅ១៥ថ្ងៃដំបូង មុននឹងធូរស្រាលបន្តិចម្តងៗក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់។
ម្យ៉ាង ទឹកជំនន់កើតឡើងចំពេលរដូវកាលទេសចរណ៍កំពូលរបស់ថៃ និងការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះកីឡា SEA Games ចាប់ពីថ្ងៃទី៩ដល់២០ខែធ្នូ ដែលក្នុងនោះខេត្ត Songkhla ក៏ត្រូវបានកំណត់ជាទីតាំងប្រកួតផងដែរ៕
