ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការលើកកម្ពស់គោលដៅទេសចរណ៍បៃតង និងទេសចរណ៍ដោយនិរន្តភាព។

ក្នុងពិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីលោក EDGAR DOERIG តំណាងអង្គការ OIF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក, លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប តំណាង លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និង តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, លោក លោកស្រី លោក លោកស្រី វាគ្មិនកិត្តិយស តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ប្រមាណ ២៥០នាក់។

ថ្លែងក្នុងឱកាសនៃពិធី លោករដ្ឋមន្ត្រី បានជម្រាបជូនថា សិក្ខាសាលាថ្នាក់តំបន់នាពេលនេះ ប្រមូលផ្ដុំដោយសមាសភាពដែលអញ្ជើញមកពីតំណាងរាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិ-អន្តរជាតិ និងអ្នកជំនាញពាក់ព័ន្ធ ដែលជាវេទិកាដ៏ល្អមួយ សម្រាប់ចែករំលែកចំណេះដឹង បទពិសោធល្អៗ និងឧត្តម្មានុវត្តអន្តរជាតិ។

លោករដ្ឋមន្ត្រីបានបន្ថែមថា តាមរយៈសិក្ខាសាលានេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួមបានស្វែងយល់ពីស្តង់ដាគោលដៅបៃតង និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលនឹងជួយជំរុញឱ្យកម្ពុជា មានការទទួលស្គាល់កម្រិតអន្តរជាតិលើគុណភាពគោលដៅទេសចរណ៍។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានថ្លែងបន្តថា សិក្ខាសាលាថ្នាក់តំបន់នេះ ក៏នឹងផ្តល់ជាធាតុចូលសំខាន់ក្នុងការរៀបចំគោលនយោបាយ ផែនការអភិវឌ្ឍន៍ទេសចរណ៍កម្រិតជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការបញ្ជ្រាបសូចនាករគន្លឹះ និងសូចនាករគោលសំខាន់ៗរបស់ស្តង់ដា “គោលដៅទេសចរណ៍បៃតង” និង “ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព”។

ដោយ៖តារា
