
(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បាននាំខ្លួនបុគ្គល២នាក់ដែលជាអង្គរក្ស ដែលបានជិះម៉ូតូតាមការពារឡានឧកញ៉ា ធាង ទ្រី ហើយប្រើប្រាស់កាយវិការ និងពាក្យសម្ដីមិនសមរម្យ និងកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវ។

ការនាំខ្លួននេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ សកម្មភាពនេះបានកើតឡើងបន្ទាប់ពីមានការបង្ហោះវីដេអូនៅតាមបណ្ដាញសង្គម ដែលបង្ហាញពីសកម្មភាពមិនគួររបស់ពួកគេ។

ពួកគេទាំង២នាក់ បានជិះម៉ូតូតាមការពារឡានម៉ាក Land Rover Defender ពាក់ផ្លាកលេខកម្ពុជា TTM.7171 ដែលជារបស់ឧកញ៉ា ធាង ទ្រី។ ពួកគេបានកាក់ឡានប្រជាពលរដ្ឋតាមដងផ្លូវ និងជេរប្រមាថដោយប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗ និងព្រមានមិនឲ្យបើកក្បែរឡានមេកើយរបស់ខ្លួន។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាទាំងយប់ឲ្យសមត្ថកិច្ចជំនាញធ្វើការកោះហៅបុគ្គលទាំង២នាក់នេះមកធ្វើការសួរនាំ។ លោកបានអះអាងថា សកម្មភាពបែបនេះលោកពិតជាមិនអាចទទួលយកបានឡើយ ហើយបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
