៧ថ្ងៃក្នុងខែវិច្ឆិកា៖ សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង និងជនងប់ល្បែងជាង៥០នាក់

៧ថ្ងៃក្នុងខែវិច្ឆិកា៖ សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង និងជនងប់ល្បែងជាង៥០នាក់

ភ្នំពេញ៖ ក្នុងរយៈពេលត្រឹមតែ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសសង្គមយ៉ាងទូលំទូលាយ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងរយៈពេលនេះ សមត្ថកិច្ចបានបង្ក្រាបក្មេងទំនើងសរុប១១ករណី ដោយឃាត់ខ្លួនមនុស្ស៣០នាក់។ ខណៈឯករណីល្បែងស៊ីសងខុសច្បាប់ ក៏ត្រូវបានបង្ក្រាប៧ករណី ដោយឃាត់ខ្លួនជនងប់ល្បែង និងអ្នកពាក់ព័ន្ធចំនួន២៣នាក់។

តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីទាំងនេះសមត្ថកិច្ចបានអនុវត្តតាមវិធានការច្បាប់យ៉ាងតឹងរ៉ឹង។ ក្រុមក្មេងទំនើងទាំងអស់ត្រូវបានបញ្ជូនទៅតុលាការ ខណៈអ្នកប្រព្រឹត្តល្បែង២២នាក់ក៏ត្រូវបញ្ជូនទៅតុលាការ និងអប់រំធ្វើកិច្ចសន្យាបញ្ឈប់១នាក់។

លោក ទូច សុឃៈ បានបញ្ជាក់បន្ថែមថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ដែលត្រូវបានបង្ក្រាបនៅក្នុងរយៈពេល៧ថ្ងៃនេះ មានក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ រតនគិរី ព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ។

គួររម្លឹកថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំមន្ត្រីនគរបាលយុត្តិធម៌ពង្រឹងការធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ រាល់ក្រុមក្មេងទំនើងដែលចាប់ និងស្រាវជ្រាវឃើញថាជាប់ពាក់ព័ន្ធ។

បើតាមអ្នកនាំពាក្យដដែល បទបញ្ជានេះមានកម្មវត្ថុធានាឱ្យបានថាក្រុមក្មេងទំនើងនឹងប្រឈមទណ្ឌកម្មតាមផ្លូវច្បាប់ ឱ្យសមនឹងអំពើអុកឡុកសង្គមដែលពួកគេបានប្រព្រឹត្ត។

វិធានការនេះក៏នៅមិនទាន់គ្រប់គ្រាន់ដែរ។ លោក ទូច សុឃៈ បានឱ្យដឹងទៀតថាប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិត្រៀមសហការជាមួយក្រសួងយុត្តិធម៌ ពិនិត្យលទ្ធភាពស្នើធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទណ្ឌកម្មបន្ថែមឱ្យកាន់តែធ្ងន់ធ្ងរ ក្នុងទោសពាក់ព័ន្ធនឹងករណីក្មេងទំនើងទៀតផង។

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ

administrator

Related Articles