ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន សែន បានអះអាងថា គោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្នរវាងកម្ពុជា-ថៃ មិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែង។

ការវាស់វែងនេះធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ ដើម្បីបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់។
សម្តេចបានបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាង ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យរបស់ខ្លួនដែរ។

ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនអាចបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ។
ក្រោយពីការវាស់វែងបានបញ្ចប់ ក្រុមការងារចម្រុះនៃប្រទេសទាំងពីរ នឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបាន។
សម្តេចបានអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត។
