ធនាគារជាតិ បញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ធនាគារជាតិ បញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ធនាគារជាតិ កម្ពុជា
ខេត្តកំពង់ឆ្នាំង៖ ធនាគារជាតិនៃកម្ពុជា បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងពង្រឹងវិសាលភាពនៃការអនុវត្តវិធានការ ការពារអ្នកប្រើប្រាស់ សេវាធនាគារ និងហិរញ្ញវត្ថុ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរយៈពេលវែង និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

សិក្ខាសាលា ហិរញ្ញវត្ថុ
ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង កិច្ចការពារអតិថិជន” ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ និងឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបន្តសម្រេចបានសមិទ្ធផលធំៗជាច្រើន ក្នុង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលធ្វើឱ្យប្រទេសជាតិយើងទទួលបាននូវសន្តិភាពសុវត្ថិភាពសណ្តាប់ធ្នាប់សង្គម និងស្ថិរភាព នយោបាយ ព្រមទាំងរក្សាបានយ៉ាងល្អ នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនេះវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏បាននិងកំពុង រីកចម្រើនឥតឈប់ឈរ ជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលថ្មីៗ ស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

ហិរញ្ញវត្ថុឌីជីថល
ឯកឧត្តម បន្តថា ក្នុងបរិការណ៍នេះ សេវាធនាគារ និងហិរញ្ញវត្ថុក៏បានអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយគុណភាព ប្រសិទ្ធភាព បង្កើនភាពងាយស្រួល និងកាត់បន្ថយតម្លៃប្រតិបត្តិការ តាមរយៈថ្នាលឌីជីថល និងបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រជាជន កម្ពុជា។ ប៉ុន្តែថ្នាលឌីជីថល ក៏ប្រៀបបាននឹងអាវុធមុខពីរ ប្រាកដណាស់ថា វាអាចជួយឱ្យយើងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុក៏បានបង្កឱ្យមានហានិភ័យផងដែរដូចជា៖ ការឆបោក ការលួចទិន្នន័យ និងការក្លែងបន្លំអត្តសញ្ញាណជាដើម (ឧទាហរណ៍៖ ការក្លែងបន្លំសម្លេងដោយប្រើ AI ជាសមាជិកគ្រួសារ ឬអ្នកជិតស្និទ្ធ ដើម្បីធ្វើការផ្ញើប្រាក់ឱ្យ)។

ការពារអតិថិជន
ឯកឧត្តម យឹម លាត បន្ថែមថា តាមរយៈនៃការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជននេះ គឺជាកាតព្វកិច្ច អាទិភាព និងចាំបាច់ ដែលធនាគារជាតិនៃកម្ពុជាបាននិងកំពុងអនុវត្ត និងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បី បញ្ជ្រាបការយល់ដឹងនេះដល់ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យពាក់ព័ន្ធ ដែលជាកាតាលីករជួយជំរុញ និងលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុនៅកម្ពុជា។ ជាការពិតណាស់ យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ បានបញ្ជាក់ថា ឧបសគ្គចម្បងនៃ បរិយាបន្នហិរញ្ញវត្ថុ គឺការយល់ដឹងនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជាមានកម្រិតទាប។ ហេតុដូច្នេះលទ្ធភាពក្នុងការស្វែងយល់អំពី ព័ត៌មានហិរញ្ញវត្ថុ ការទាញយកអត្ថប្រយោជន៍ និងការប្រើប្រាស់សេវាហិរញ្ញវត្ថុសម្រាប់បង្កើនសុខុមាលភាពសេដ្ឋកិច្ចគ្រួសារ គឺ សមិទ្ធផលដែលកើតចេញពីការយល់ដឹងអំពីការប្រើប្រាស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ៕ អត្ថបទសហការ

administrator

Related Articles