ប្រុងប្រយ័ត្ន! បណ្តាញសង្គមអាចបង្កគ្រោះថ្នាក់ដល់គ្រួសារ

ប្រុងប្រយ័ត្ន! បណ្តាញសង្គមអាចបង្កគ្រោះថ្នាក់ដល់គ្រួសារ

សម័យនេះ បុរសៗដែលខិលខូចលួចមានក្រៅនៅក្រៅផ្ទះ សូមប្រុងប្រយ័ត្ន។ បើមិនដូច្នេះទេ គ្រោះអគ្គិភ័យ ឬភ្លើងជម្លោះនឹងឆេះដោយមិនចាំបាច់មានអណ្តាតភ្លើង ឬទុស្សេឆ្លងចរន្តខ្សែភ្លើងឡើយ។

Social Media Warning

សម័យនេះ ជាសម័យឌីជីថល និងជាសម័យដែលបណ្តាញសង្គមមានការរីកចំរើន និងពេញនិយមខ្លាំង ហើយវាក៏បង្កើតភាពងាយស្រួលនៅក្នុងសង្គមជីវភាពផងដែរ។ ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួល គុណវិបត្តិរបស់វា ក៏មានច្រើនដែរ ដែលយើងគួរតែប្រុងប្រយ័ត្ន និងគួរតែយល់ដឹងឲ្យបានច្បាស់។

សម្រាប់បុរសៗដែលមានចរិត និងសកម្មភាពខិលខូចមួយចំនួននៅសម័យនេះ ក៏កាន់តែងាយស្រួលនៅក្នុងការប្រមាញ់ដៃគូកំណាន់ណាស់ ហើយក៏ងាយស្រួលនៅក្នុងការណាត់ជួបពួកគេដែរ។ ទន្ទឹមនឹងភាពងាយស្រួលនេះ សូមមានការប្រយ័ត្ន ពីព្រោះក៏មានក្រុមនារីប្រមាញ់ដែលអាចនឹងធ្វើឲ្យអ្នកក្លាយជាកូនជ្រូកផងដែរ ហើយទន្ទឹមនឹងនោះ ក៏ត្រូវប្រយ័ត្នខ្លានៅក្នុងផ្ទះ។

រឿងគុណវិបត្តិ និងគុណសម្បត្តិនៃការប្រើប្រាស់បណ្តាញសង្គមនេះ គឺមានច្រើន។ ចំណុចតូចមួយ គឺរឿងភ្លើងឆេះនៅក្នុងផ្ទះដោយសារតែបណ្តាញសង្គម។ នៅសម័យនេះ យើងចេះលេងបណ្តាញសង្គម ប៉ុន្តែកុំភ្លេចប្រពន្ធនៅក្នុងគេហដ្ឋានរបស់យើងក៏គាត់ចេះលេងដែរ។ សូមកុំភ្លេចពាក្យសុភាសិតខ្មែរមួយឃ្លា «ចេះឯងឲ្យក្រែងចេះគេ»។

Family Relationship

ថ្មីៗនេះ នៅលើបណ្តាញសង្គមមានករណីមួយបានកើតមានឡើង ហើយវាអាចជារឿងលេងសើច ហើយវាក៏អាចជារឿងពិតដែរ។ រឿងនេះ គឺករណីមួយ ដែលកំពុងតែល្បីដែរនៅលើបណ្តាញសង្គម ហើយមានការចែករំលែកច្រើនគួរសម។

ព្រោះតែចង់សាកចិត្តស្វាមី ស្ត្រីម្នាក់បានបង្កើតគណនីបណ្តាញសង្គមក្លែងក្លាយមួយ ដោយប្រើប្រាស់រូបភាពក្លែងបន្លំ ហើយក៏ទំនាក់ទំនងទៅស្វាមី រួចក៏ក្លាយជាមិត្តនៅក្នុងបណ្តាញសង្គម។ ប៉ុន្តែក្រោយពេលទំនាក់ទំនងគ្នាហើយ រួចឆាតចុះឆាតឡើងទៅវិញទៅមក ក៏ភ្ញាក់ខ្លួនព្រើត ព្រោះស្វាមីខ្លួនប្រកាសខ្លួនជាបុរសពោះម៉ាយ ភរិយាស្លាប់ចោល ព្រោះជំងឺមហារីក។

Digital Age

នៅក្នុងសម័យនេះ នៅលើបណ្តាញសង្គម វាអាចជាពិភពសិប្បនិម្មិតមួយ។ វាគឺជាពិភពពិតក៏ថាបាន ប៉ុន្តែប្រសិនបើយើងថា វាគឺជាពិភពនិម្មិតក៏ថាបាន ពីព្រោះវាចម្រុះ។ មនុស្សខ្លះ ពីព្រោះតែអារម្មណ៍តប់ប្រមល់មិនដឹងបញ្ចេញនៅឯណា ក៏យកវាមកបញ្ចេញនៅលើបណ្តាញសង្គមក៏មាន។

ដោយសារតែនៅលើបណ្តាញសង្គម វាគឺជាពិភពបែបនេះ។ ដូច្នេះ នៅក្នុងស្ថានភាពបែបនេះ យើងទាំងអស់គ្នាតោងមានការប្រុងប្រយ័ត្ន។ រាល់ការទំនាក់ទំនង រាល់មិត្តភាព រាល់ការបញ្ចេញទស្សនៈ រាល់ការចុចចូលចិត្ត ឬមិនចូលចិត្ត ក៏ដូចជាការចែករំលែក គឺសូមរិះគិតទុកជាមុន ដើម្បីកុំអោយយើងមានបញ្ហា។

administrator

Related Articles