កាសែតថៃ The Nation បានរាយការណ៍ថា ក្រុមហ៊ុនថៃមួយចំនួនបានផ្លាស់ប្ដូរយុទ្ធសាស្រ្តទីផ្សារ ដោយដាក់អក្សរខ្មែរលើការវេចខ្ចប់ផលិតផលរបស់ខ្លួន ចំពេលដែលការលក់នៅទីផ្សារកម្ពុជាធ្លាក់ចុះ ជុំវិញភាពតានតឹងព្រំដែន។

ការរាយការណ៍ជុំវិញបញ្ហានេះ ធ្វើឡើងចំពេលដែលក្រុមហ៊ុនថៃធំៗនៅកម្ពុជា ដូចជា ក្រុមហ៊ុនភេសជ្ជៈ Carabao, ក្រុមហ៊ុនមី MAMA, និងក្រុមហ៊ុនផលិត និងចែកចាយទឹកផ្លែឈើ Malee ជាដើមនោះ បានរាយការណ៍ពីការធ្លាក់ចុះយ៉ាងគំហុកនៃប្រាក់ចំណូល ឬប្រាក់ចំណេញរបស់ខ្លួននៅត្រីមាសទី៣។
នាយកប្រតិបត្តិក្រុមហ៊ុន Carabao Group លោក Sathien Sathientham បានឱ្យដឹងថា ការលក់ភេសជ្ជៈរបស់ខ្លួនលើទីផ្សារកម្ពុជាមានការធ្លាក់ចុះខ្លាំង ដែលបង្កការខាតបង់ «ជាច្រើនរយលានបាត» ដោយសារតែជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្នុងរបាយការណ៍កាលពីពេលថ្មីនេះ ក្រុមហ៊ុន Carabao បានឱ្យដឹងថា ការលក់នៅទីផ្សារ CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) បានធ្លាក់ចុះរហូតដល់ទៅ ៤៤% មកត្រឹម ៧២៧ លានបាត នៅត្រីមាសទី៣។
ចំណែកឯ លោក Pan Paniangvait នាយកប្រតិបត្តិក្រុមហ៊ុន Thai President Foods PCL ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ «MAMA» ឯណោះវិញ បានបញ្ជាក់ថា ប្រទេសកម្ពុជាគឺជាទីផ្សារនាំចេញដ៏សំខាន់មួយ ដោយរួមចំណែក ១៧-១៨% នៃការនាំចេញរបស់ក្រុមហ៊ុន។ នៅត្រីមាសទី៣ ការលក់របស់ក្រុមហ៊ុនធ្លាក់ចុះរហូតដល់ទៅ ១២,១៧%។
