ស្របពេលប្រទេសថៃកំពុងរងទុក្ខវេទនាដោយគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងររួចទៅហើយនោះ ស្រាប់តែកើតមានព្យុះកំបុតត្បូងដ៏សាហាវថែមទៀត ដែលបានបំផ្លាញផ្ទះពលរដ្ឋអស់១០ខ្នង និងបណ្តាលឲ្យអ្នកភូមិរងរបួស។

តាមការផ្សាយរបស់ Amarin, ព្យុះនេះវាយប្រហារឃុំ Ban Khao នៃស្រុក Ranot ខេត្ត Songkhla កាលពីថ្ងៃចន្ទទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ ដោយឥទ្ធិពលដ៏ខ្លាំងក្លារបស់ព្យុះបានបំផ្លាញអ្វីៗគ្រប់បែបយ៉ាងដែលស្ថិតនៅចំផ្លូវរបស់វា ធ្វើឲ្យពលរដ្ឋភ័យតក់ស្លុតគ្រប់គ្នា។
ព្យុះដ៏សាហាវនេះកើតឡើងស្របពេលភាគខាងត្បូងថៃ កំពុងវេទនាខ្លាំងដោយសារទឹកជំនន់ជាប្រវត្តិសាស្រ្ត ដែលជន់លិច១០ខេត្តឈានដល់ការប្រកាសអាសន្នដូចជានៅ Chumphon, Surat Thani, Nakhon Si Thammarat, Satun, Songkhla, Phatthalung, Trang, Narathiwat, Pattani និង Yala។

ក្នុងនោះខេត្ត Songkhla ជាកន្លែងរងគ្រោះខ្លាំងជាងគេ ជាពិសេសទីក្រុង Hat Yai ដែលប្រជាពលរដ្ឋកំពុងរងទុក្ខ អ្នកខ្លះជាប់ក្នុងផ្ទះស្រែកសុំឲ្យគេជួយ ប៉ុន្តែគ្មាននរណាអើពើ សូម្បីក្រុមសង្គ្រោះក៏មិនអាចជួយបានព្រោះតែស្ថានភាពធ្ងន់ធ្ងរពេក។
ក៏មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ផងដែរ អ្នកខ្លះស្លាប់ដោយសារឆក់ខ្សែភ្លើងព្រោះពួកគេតោងបង្គោលភ្លើង ហើយនៅកន្លែងខ្លះបង្គលភ្លើងបានបាក់ចូលទឹកបណ្តាលឲ្យទុស្សេ។
លើសពីនេះ មនុស្សជិត ២លាននាក់បានរងផលប៉ះពាល់ ខណៈប្រព័ន្ធទូរគមនាគមន៍និងសេវានានា ដូចជារថភ្លើង ត្រូវកាត់ផ្តាច់៕
