រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសថា ក្នុងរយៈពេល៧ថ្ងៃ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបក្មេងទំនើង១១ករណី ឃាត់ខ្លួន៣០នាក់ និងល្បែងស៊ីសង៧ករណី ឃាត់ខ្លួន២៣នាក់។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីទាំងនេះត្រូវបានអនុវត្តតាមវិធានការច្បាប់ ដោយបញ្ជូនក្រុមក្មេងទំនើងទាំងអស់ទៅតុលាការ ខណៈអ្នកប្រព្រឹត្តល្បែង២២នាក់ក៏ត្រូវបញ្ជូនទៅតុលាការ និងអប់រំធ្វើកិច្ចសន្យាបញ្ឈប់១នាក់។
ប្រតិបត្តិការនេះគ្របដណ្តប់លើរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ រតនគិរី ព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ។ ក្រសួងមហាផ្ទៃកំពុងពង្រឹងការធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធានាថាក្រុមក្មេងទំនើងនឹងប្រឈមទណ្ឌកម្មតាមផ្លូវច្បាប់។
