Ronaldo និង Georgina សម្រេចជ្រើសព្រះវិហារបុរាណ ៥១១ ឆ្នាំ រៀបពិធីមង្គលការ

Ronaldo និង Georgina សម្រេចជ្រើសព្រះវិហារបុរាណ ៥១១ ឆ្នាំ រៀបពិធីមង្គលការ

Ronaldo and Georgina

ប្រទេសព័រទុយហ្គាល់៖ កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo កំពុងត្រៀមខ្លួនចាប់ផ្តើមជំពូកថ្មីមួយទៀតក្នុងជីវិត ដោយខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានរាយការណ៍ថាបានសម្រេចជ្រើសយកព្រះវិហារបុរាណមួយកន្លែងក្នុងស្រុកកំណើត ដើម្បីរៀបចំពិធីមង្គលការជាមួយគូដណ្តឹងជាតារាម៉ូដែលរបស់ខ្លួន កញ្ញា Georgina Rodriguez។

Funchal Cathedral

តាមប្រភពពីបណ្តាប្រព័ន្ធផ្សព្វផ្សាយព័រទុយហ្គាល់ រួមទាំងកាសែត Jornal da Madeira រាយការណ៍ថា Cristiano Ronaldo ខ្សែប្រយុទ្ធឆ្នើមក្រុម Al Nassr នឹងរៀបចំពិធីមង្គលការនៅរដូវក្តៅ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦។ ទីតាំងត្រូវបានជ្រើសរើសសម្រាប់ពិធីដ៏សំខាន់របស់អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Sporting Lisbon, Manchester United, Real Madrid និង Juventus រូបនេះ គឺនៅក្នុងព្រះវិហារកាតូលិក Funchal ដ៏ចំណាស់ជាងគេអាយុកាល ៥១១ ឆ្នាំ ស្ថិតនៅក្នុងតំបន់ Madeira ដែលជាស្រុកកំណើត Ronaldo។

ពិធីមង្គលការនេះសំខាន់ជាពិសេសសម្រាប់ Ronaldo ដោយសារតែព្រះវិហារមានទីតាំងស្ថិតនៅចម្ងាយប្រហែល ៣ គីឡូម៉ែត្រប៉ុណ្ណោះពីមន្ទីរពេទ្យដែលរូបគេបានកើតក្នុងឆ្នាំ ១៩៨៥។ មិនតែប៉ុណ្ណោះ សាលាបាល់ទាត់ថ្នាលដែលរបស់ Ronaldo ចូលហ្វឹកហាត់ Nacional da Madeira ក៏នៅក្បែរទីនោះផងដែរ។

Ronaldo និង Georgina បានជួបគ្នាជាលើកដំបូងនៅឆ្នាំ ២០១៦ នៅពេលដែលនាងកំពុងបម្រើការងារផ្នែកលក់នៅហាង Gucci ក្នុងប្រទេសអេស្ប៉ាញ។ បច្ចុប្បន្នគូស្នេហ៍១គូនេះ មានកូនពីរនាក់ជាមួយគ្នាគឺ Alana អាយុ៧ឆ្នាំ និង Bella អាយុ៣ឆ្នាំ ព្រមទាំងកូន៣នាក់របស់ Ronaldo តាមរយៈការពពោះជំនួសគឺ Cristiano Jr. អាយុ ១៥ ឆ្នាំ និងកូនភ្លោះ Mateo និង Eva Maria អាយុ ៨ ឆ្នាំ។

ពិធីមង្គលការរបស់ Ronaldo និង Georgina ត្រូវបានរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍មួយដែលបណ្តាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រជុំវិញពិភពលោកទន្ទឹងរង់ចាំ មិនត្រឹមតែដោយសារកេរ្តិ៍ឈ្មោះកូនកំលោះ និងកូនក្រមុំប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែតម្លៃប្រវត្តិសាស្ត្រនៃទីតាំងរៀបចំពិធី ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរបស់ Ronaldo ជាមួយនឹងស្រុកកំណើតរបស់ខ្លួនផងដែរ៕

administrator

Related Articles