
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ វិច្ឆិកា ២០២៥ បានបង្ហាញថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១,៨១០ រោងចក្រ ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២លានកន្លែង។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់ថា៖ «កំណើននៃរោងចក្រសហគ្រាសនេះបង្ហាញពីភាពល្អប្រសើរនៃវិស័យការងារ និងសេចក្តីទុកចិត្តរបស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា»។

លោកបន្តថា ក្រសួងការងារបានកាត់បន្ថយសេវាជិត ២០សេវា ដើម្បីសម្រួលដល់ការធ្វើអាជីវកម្មរបស់វិនិយោគិន។ គិតត្រឹមខែតុលា ឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៥៧៩គម្រោង ជាមួយទុនវិនិយោគ ៩,២ពាន់លានដុល្លារ ដែលនឹងផ្តល់ឱកាសការងារ ៤០ម៉ឺនកន្លែងបន្ថែម។
