ថៃចល័តទ័ពត្រៀមប្រយុទ្ធនៅព្រំដែនមីយ៉ាន់ម៉ា

ថៃចល័តទ័ពត្រៀមប្រយុទ្ធនៅព្រំដែនមីយ៉ាន់ម៉ា

ទ័ពថៃត្រៀមខ្លួន

បន្ថែមពីការបញ្ជូនសព្វាវុធទៅព្រំដែនមីយ៉ាន់ម៉ា ថៃក៏ចល័តកងទ័ពផងដែរនៅទល់ដែននោះ ដើម្បីត្រៀមឆ្លើយតបនិងប្រយុទ្ធជាមួយកងទ័ពខាងមីយ៉ាន់ម៉ា ខណៈស្ថានការណ៍កាន់តែមិនស្រួល។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃចន្ទទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ យុធភូមិភាគ៣ថៃ ក្រោមការដឹកនាំពីមេទ័ព Worathep Boonya កំពុងតែត្រៀមខ្លួនហើយនៅតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា។

ស្ថានការណ៍ព្រំដែន

ដោយស្ថិតនៅចម្ងាយត្រឹម១គីឡូម៉ែត្រពីសមរភូមិក្នុងរដ្ឋការ៉ែន ស្រុក Mae Sot នៃខេត្ត Tak ប្រទេសថៃ តែងត្រូវគ្រាប់ធ្លាក់លើម្តងហើយម្តងទៀត បង្កភាពវឹកវរ បង្ខំឲ្យពលរដ្ឋរត់ចែកជើងគ្នារកកន្លែងសុវត្ថិភាព។

ថ្មីនេះៗ កងទ័ពមីយ៉ាន់ម៉ាឈានដល់ការបាញ់កាំភ្លើងធំ ៦០មិល្លីម៉ែត្រ បណ្តាលឲ្យគ្រាប់ធ្លាក់ចូលដីថៃ ត្រូវខ្ទេចផ្ទះ៤ខ្នងនិងរថយន្តភីកអាប់មួយគ្រឿង ប៉ុន្តែគ្មាននរណាម្នាក់រងរបួសឡើយ។

មិនត្រឹមប៉ុណ្ណឹង ទាហានមីយ៉ាន់ម៉ានិងក្រុមឧទ្ទាម ក៏បាញ់តដៃគ្នាយ៉ាងស្វិតស្វាញនៅក្បែរព្រំដែនថៃ ធ្វើឲ្យគ្រាប់កាំភ្លើងបាញ់ធ្លាយចូលដល់ស្រុក Mae Sot ប៉ះត្រូវសាលារៀន Ban Mae Kon Kaen បង្ខំឲ្យមានការជម្លៀសសិស្សយ៉ាងប្រញាប់។

យ៉ាងណា ថៃបានត្រឹមបាញ់ផ្សែងឡើងលើដើម្បីគំរាមប៉ុណ្ណោះ ហើយចាត់វិធានការការពារនិងប្រុងជើងការខ្ពស់ ប៉ុន្តែមកដល់ថ្ងៃអាទិត្យ កងកម្លាំង Rajamanu សហការជាមួយ Naresuan បានរៀបចំបញ្ជូនសព្វាវុធនិងគ្រឿងបរិក្ខាយោធា ទៅព្រំដែនព្រមទាំងបង្កើនការល្បាតទាំងថ្ងៃយប់។

មិនត្រឹមប៉ុណ្ណឹង ថៃក៏បញ្ជូនកម្លាំងបន្ថែមទៅព្រំដែន ហើយដាក់ពង្រាយទ័ពតាមកន្លែងឈរជើងសំខាន់ៗ ដើម្បីត្រៀមប្រយុទ្ធក្នុងករណីស្ថានការណ៍វិវឌ្ឍដល់កម្រិតធ្ងន់ធ្ងរ។

administrator

Related Articles