
កងទ័ពជើងទឹកថៃបានបញ្ជូនរថពាសដែកបន្ថែមទៀតទៅកាន់ទីក្រុង Hat Yai ដើម្បីជួយដឹកជញ្ជូនកងម៉ារីន ធ្វើប្រតិបត្តិការសង្គ្រោះ និងចែកចាយជំនួយដល់ជនរងគ្រោះដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅខេត្ត Songkhla។
តាមការផ្សាយរបស់ Amarin កាលពីថ្ងៃពុធទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ រថពាសដែក AWAV នឹងធ្វើប្រតិបត្តិការនៅតាមផ្លូវ Phetkasem ដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះ។
កងទ័ពជើងគោកថៃក៏បានដាក់កម្លាំងរួមជាមួយរថយន្តទម្ងន់ ២.៥ តោនជាច្រើនគ្រឿង និងទូកកៅស៊ូ ដើម្បីធ្វើបេសកកម្មបន្ទាន់ផងដែរ។
មុននេះ កងទ័ពជើងទឹកបានដាក់ពង្រាយនាវាដ៏ធំបំផុតរបស់ខ្លួន HTMS Chakri Naruebet រួមជាមួយឧទ្ធម្ភាគចក្រពីរគ្រឿង និងក្រុមប្រតិបត្តិការពិសេស ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅតំបន់ភាគខាងត្បូង។
នាវាផ្ទុកយន្តហោះនេះអាចបម្រើការជាមូលដ្ឋានទ័ពអាកាសបណ្តែតទឹក និងអាចផលិតអាហារចម្អិនរួចរហូតដល់ ៣,០០០ កញ្ចប់ក្នុងមួយថ្ងៃ ដើម្បីដឹកជញ្ជូនតាមផ្លូវអាកាសទៅកាន់តំបន់ដែលរងផលប៉ះពាល់។
កងកម្លាំងប្រតិបត្តិការពិសេសមកពីបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងទឹក រួមជាមួយទូកកៅស៊ូចំនួន ១៤ គ្រឿង ក៏ត្រូវបានបញ្ជូនតាមយន្តហោះដឹកជញ្ជូនរបស់កងទ័ពអាកាសថៃ ដើម្បីជួយប្រជាពលរដ្ឋនៅក្នុងតំបន់ដែលត្រូវបានកាត់ផ្តាច់ដោយចរន្តទឹកហូរខ្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
